ប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុនតម្លៃ ៣៦លានដុល្លារ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនប្រមាណ ៣៦លានដុល្លា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសានេះ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។ ពិធីសម្ភោធ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២,៦គីឡូម៉ែត្រ អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង ១វិនាទី។ គម្រោងនក៏បានបំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ និងបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ប្រព័ន្ធថ្មីនេះនឹងជួយ រាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។

អាន​បន្ថែម

អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។

អាន​បន្ថែម

អគារពាណិជ្ជកម្មពហុបំណងថ្មីមួយ នៅតំបន់ក្បាលថ្នល់ បើកសម្ពោធជាផ្លូវការ

អគារពាណិជ្ជកម្មពហុបំណងថ្មីកម្ពស់ ១២ជាន់ ថ្មីមួយ ឈ្មោះថា Kampus បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា។ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងតំបន់ក្បាលថ្នល់ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាប្លែកថ្មី ដែលមានផ្ទៃក្រសឡាសរុប ១០ ៥៤៣ ម៉ែត្រការ៉េ ជាមួយនឹងចំណតរថយន្តក្រោមដី។ ផ្នែកខ្លះនៃអគារនឹងត្រូវបានបម្រើជាសាលសន្និសីទ និងមជ្ឈមណ្ឌលការងាររបស់សហព័ន្ធយុវជន ខណៈ ផ្នែកខ្លះទៀតនឹងប្រើប្រាស់ជាកន្លែងធ្វើការរួមគ្នាសម្រាប់យុវជន ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផងដែរ។ អគារនេះក៏មានជាការិយាល័យជួល ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងលំហែរកាយ ស្កាយបារ និងកន្លែងផ្សេងៗទៀត។ លោក ហ៊ុន ម៉ានី បានថ្លែង អបអរសាទរចំពោះការដាក់ដំណើរការអគារ Kampus នេះថា គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងគោលបំណងសម្រាប់យុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំ ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។

អាន​បន្ថែម

អាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២

អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉ៅសេទុងលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលបង្កដល់ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង។ ដោយឡែក ផ្លូវជាតិលេខ២១ វិញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះកាត់សំយ៉ាបដែលលយមកលើផ្លូវសាធារណៈ ព្រមទាំងកាយដី ឬបេតុង ដែលបានចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អាណាធិបតេយ្យតាមបណ្តោយចិញ្ចើមផ្លូវ។ អាជ្ញាធរ ក៏តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវថយចូលចំនួន ៣ម៉ែត្រ សងខាង ពីផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរនឹងជូនដំណឹងបន្ថែម ប្រសិនរដ្ឋមានតម្រូវបន្ថែម។

អាន​បន្ថែម

សាលាក្រុងនឹងប្ដូរមុខតំបន់ស្ទឹងមានជ័យ ទៅជាសហគមន៍រស់នៅគំរូមានសណ្តាប់ធ្នាប់

រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន។ នេះបើតាមកិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ ហេដ្ឋារចសម្ព័ន្ធដែលនឹងត្រូវសាងសង់ រួមមាន លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។ គម្រោងនេះមានទាំងការកែប្រែទម្រង់ខាងមុខ និងការរៀបចំប្លង់ផ្ទះដែលគ្មានសណ្ដាប់ធ្នាប់ឡើងវិញផងដែរ ដើម្បីបង្កើនសោភ័ណភាពក្រុង។ គួរបញ្ជាក់ថា គម្រោងប្ដូរមុខមាត់តំបន់ស្ទឹងមានជ័យនេះ ជាជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) សាលាក្រុងប៉ារីស និងសហភាពអឺរ៉ុប (EU) ដែលស្ថិតក្នុងគម្រោងរៀបចំផែនការនគររូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំណុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City ផងដែរ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣

គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។ ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះផងដែរ»។ «ដូច្នេះ ចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយដើមឆ្នាំ២០២៤ ខាងមុខធានាថា ទឹកក្នុងរាជធានីភ្នំពេញលែងមានបញ្ហាហើយ គឺគ្រប់គ្រាន់ទាំងអស់» ។ គម្រោងនេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់ ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។ […]

អាន​បន្ថែម

WorldBank ត្រៀមថវិកា ៦០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក

ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ នឹងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ បើតាមក្រសួងមហាផ្ទៃ គម្រោងនេះ នឹងត្រូវអនុវត្តនៅទីតាំងគោលដៅធំៗ ដូចជាក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងតាខ្មៅ ក្រុងច្បារមន និងក្រុងព្រះសីហនុ។ បច្ចុប្បន្ន អន្តរក្រសួង និង WB កំពុងពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោង។  

អាន​បន្ថែម

អ្នកជំនាញជប៉ុន ចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រអភិវឌ្ឍន៍ក្រុងដល់កម្ពុជា

ក្រុមជំនាញការផ្នែករៀបចំ និងអភិវឌ្ឍនគរូបនីយកម្មជប៉ុន បានចែករំលែកពីចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រ ទាក់ទិននឹងការរៀបចំទីក្រុងដល់កម្ពុជា ទិសដៅដើម្បីជួយកម្ពុជាធ្វើនគរូបនីយកម្មក្រុងប្រកបដោយប្រសិទ្ធភាព ស្របពេលដែលកម្ពុជាកំពុងងាកទៅរកការអភិវឌ្ឍទីក្រុងវៃឆ្លាត។ ការចែករំលែកនេះ ធ្វើឡើងក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅ។ វេទិកានេះត្រូវបានរៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់ចំនួន២០ក្រុមហ៊ុន ក៏ដូចជាមន្រ្តីរដ្ឋបាលខេត្តរាជរាធានី។ ក្នុងវេទិកានេះ មន្រ្តីជំនាញជប៉ុន បានធ្វើបទបង្ហាញពីការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតរបស់ប្រទេសជប៉ុន ក៏ដូចជាផ្តល់ជាធាតុចូលលើការរៀបចំនិងអភិវឌ្ឍទីក្រុងវៃឆ្លាតដល់កម្ពុជា។ ទន្ទឹមនឹងនេះ មន្រ្តីរដ្ឋបាលរាធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង បានធ្វើការបទបង្ហាញ ពីវឌ្ឍនភាពនៃការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត ក្នុងខេត្តក្រុងរបស់ខ្លួនផងដែរ។

អាន​បន្ថែម

ក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង Seoyoung Engineering Co., Ltd.។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។ ឯកឧត្តម កឹម បូរី បាន ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

អាន​បន្ថែម

ជប៉ុនស្នើជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងត្បូងរាជធានីភ្នំពេញ

ប្រទេសជប៉ុនបានស្នើចង់សិក្សាជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលជាបញ្ហាចោទដ៏សំខាន់ និងបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាការលើកឡើងរបស់លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបថា លោក Takahashi បានស្នើសុំសម្តេច ហ៊ុន សែន ឱ្យផ្តល់លទ្ធភាពលើការសិក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។ ជុំវិញសំណើនេះ សម្តេច ហ៊ុន សែន បានគាំទ្រ ហើយក៏បានចាត់តាំងឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឱ្យជួយសម្របសម្រួលឱ្យក្រុមការងារជាជប៉ុន ចូលមកសិក្សាលើរឿងនេះ។ លោក Takahashi Fumaiki បានបញ្ជាក់ថា ជាក់ស្ដែង ក្រុមការងាររបស់លោកបានសិក្សាលើគម្រោងនេះ ខ្លះៗទៅ ហើយ។ គួរបញ្ជាក់ថា កាលឆ្នាំ២០២០ និង២០២១ តំបន់ក្នុងខណ្ឌដង្កោ […]

អាន​បន្ថែម