សៀមរាបចេញវិធានការក្ដៅពង្រឹងសណ្ដាប់ធ្នាប់ក្រុង ផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប

អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ដោយនឹងផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប ខណៈក្នុងក្រុងបច្ចុប្បន្នមានសំរាមជាង៥០០តោនក្នុងមួយថ្ងៃៗ។ ការចេញវិធានការនេះ គឺដើម្បីលើកមុខមាត់ក្រុងសៀមរាបបន្ថែមពីលើ ផ្លូវ៣៨ ខ្សែ ប្រព័ន្ធលូ និងសួនច្បារថ្មី ដែលទើបតែសម្រេចរួចរាល់កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់ពីឆ្នាំថ្មីនេះតទៅ រដ្ឋបាលខេត្តនឹងផាកពិន័យ ចំពោះបុគ្គលដែលយកសំរាមទៅចោលខុសធុងសំរាម ឬបោះចោលផ្តេសផ្តាលមិនមានការវេចខ្ចប់ត្រឹមត្រូវ និងខុសគោលដៅប្រមូលផ្តុំទុកសំរាម។ «ដើម្បីធានាការគ្រប់គ្រង អាជ្ញាធរខេត្តនឹងប្រើសេវាកម្មក្រុមហ៊ុន ៣ ដើម្បីប្រមូលនិងទុកដាក់សំរាម រួមមាន៖ ក្រុមហ៊ុនវីហ្គ្រីន ក្រុមហ៊ុហ្គាអ៊ែរ និងក្រុមហ៊ុនអាកហ្សិនហ្គ្រីន» លោកបានបន្ដ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត ក៏បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដើម្បីសិក្សានិងកំណត់គោលដៅសម្រាប់ទីលានចាក់សំរាមថ្មីមួយទៀត លើផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីរៀបចំជាទីលាន ចាក់សំរាមដែលមានលក្ខណៈបច្ចេកទេសស្តងដារត្រឹមត្រូវ។ ដោយសារតែកិច្ចខិតខំទាំងនេះហើយ ទើបធ្វើឱ្យក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវ៣៨ខ្សែ នៅសៀមរាប បញ្ចប់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺនិងបរិក្ខារនានាបាន ៧២%

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដែលសម្រេចបាន ៧២% ហើយ។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យគម្រោងផ្ទាល់កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ទីតាំង ការងារដាំដើមឈើចំនួន ៣១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។ លើសពីនេះ ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពលរដ្ឋជាងចំនួនជាង ១ម៉ឺនគ្រួសារ ក៏សម្រេច ៥០% ផងដែរ។ ជាមួយគ្នានេះ ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសណ្ឋាគារសុខា ដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប តម្លៃ៩លានដុល្លារ ក៏គ្រោងនឹងបញ្ចប់ចុងខែមករានេះផងដែរ។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ […]

អាន​បន្ថែម

JICA: គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនៅខែមេសា ឆ្នាំ២០២២

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនាខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត រវាងរដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារJICA និងទីប្រឹក្សាក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី អាសុកា សុកាបូអ៊ីគី តំណាងទីភ្នាក់ងារ JICA បានបញ្ជាក់ថា មកទល់បច្ចុប្បន្ន សេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋានសម្រាប់បង្កើតទីក្រុងឆ្លាតវៃក្រុងសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែមីនា ខណៈគម្រោងផ្ទាល់នឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២២។ ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា ឣភិបាលខេត្តសៀមរាប ក៏បានបង្ហាញការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JICA និង MLIT ដែលតែងតែយកចិត្តទុកដាក់ជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ នាពេលអនាគត។ គួរបញ្ជាក់ថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប មានទិសដៅឆ្ពោះទៅបង្កើតទីក្រុងប្រកបដោយចីរភាពមួយ ដែលមានផាសុខភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងទីក្រុងដ៏ទាក់ទាញ ដែលទទួលបានការពេញនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ១៤០ ហិកតា ប្រគល់ជូនក្រសួងយុត្តិធម៌

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគផ្ទៃបឹងតាមោក ១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌។ ការផ្តល់ផ្ទៃបឹងតាមោក ១៤០ហិកតា ជូនទៅក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែទើបតែត្រូវផ្សព្វផ្សាយថ្មីៗនេះ។ នេះជាលើកទី២ ហើយ ដែលរដ្ឋាភិបាលសម្រេចផ្តល់ដី នៅតំបន់បឹងតាមោក ឱ្យទៅក្រសួងយុត្តិធម៌។ កាលពីខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញអនុក្រឹត្យផ្តល់ផ្ទៃបឹងតាមោក ៨ហិកតា ជូនទៅក្រសួងយុត្តិធម៌រួចម្ដងមកហើយ។ (អានបន្ថែម) គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលកំណត់ផ្ទៃបឹងមានជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ចាប់ពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកជាច្រើនលើក ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម) មកទល់បច្ចុប្បន្ន បើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន ផ្ទៃបឹងតាមោកយ៉ាងហោច ១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលកាត់ឱ្យទៅស្ថាប័នរដ្ឋ និងវិស័យឯកជន។

អាន​បន្ថែម

ការដ្ឋានស្ថានីយបូមទឹកខ្នាតធំជាងគេនៅបឹងទំពុនសម្រេចបាន៧០% គ្រោងបញ្ចប់ ខែមីនា ២០២២

ការងារសាងសង់ស្ថានីយបូមទឹកបឹងទំពុន មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារកំពុងមមាញឹកបំពាក់ម៉ូទ័របូមទឹកខ្នាតធំចំនួន ៣គ្រឿង។ ម៉ូទ័របូមទឹក ១គ្រឿង មានខ្នាតទំហំអង្កត់ផ្ចឹត ១,៥ម និង ២ គ្រឿងទៀតមានអង្កត់ផ្ចឹត ១,២ម ដោយម៉ូទ័រទាំង ៣ រួមគ្នា នឹងមានសមត្ថភាពបូមទឹកបាន ៤២ ០០០ម៉ែត្រគូបក្នុង១ម៉ោង ឬ ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលគ្រប់គ្រាន់សម្រាប់រំដោះទឹកភ្លៀងក្នុងវដូវវស្សាឆ្នាំក្រោយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៦ ធ្នូ នេះថា ស្ថានីយនេះនឹងក្លាយជាស្ថានីយដែលមានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងមានសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ។ គម្រោងនេះកំពុងសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផ្ទាល់ ដោយក្រោយសាងសង់រួច នឹងធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ ផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ៕

អាន​បន្ថែម

គម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបានជាង ៩២% គ្រោងបញ្ចប់តាមផែនការចុងខែធ្នូនេះ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការកែលម្អចំណុចខ្វះខាតមួយចំនួន ដោយគ្រោងនឹងបិទបញ្ចប់ការស្ថាបនាទាំងមូលមុនដំណាច់ឆ្នាំ២០២១ នេះ។ នេះបើយោងតាមកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែធ្នូ នេះ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ ក្រុមការងាពិនិត្យឡើងវិញលើបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង (AC) ការអ៊ុតភ្ជាប់មុខតំណ ការងារគំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ និងការងារដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ស្នើក្រុមការងារត្រួតពិនិត្យឡើងវិញលើការងារខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ គម្រោងផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ […]

អាន​បន្ថែម

UN និងកូរ៉េ គ្រោងសាងសង់ទីក្រុងអណ្ដែតទឹកដំបូងគេលើលោកឆ្លើយតបនឹងបញ្ហាជន់លិច

ទីក្រុងអណ្តែតទឹកដំបូងគេលើពិភពលោក គ្រោងនឹងសាងសង់ឡើងនៅទីក្រុង Busan ដែលជាទីក្រុងកំពង់ផែសំខាន់ នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Global Construction Review កាលពីសប្តាហ៍មុន។ នៅពេលបញ្ចប់ការសាងសង់ ទីក្រុងអណ្តែតទឹកនេះ នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់បណ្តាទីក្រុងតាមឆ្នេរសមុទ្រដទៃនៅជុំវិញពិភពលោក ដែលកំពុងជួបនឹងហានិភ័យជន់លិចដោយសារការកើនឡើងនៃទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ ព្រោះទីក្រុងនេះគឺអណ្ដែតតាមកម្រិតទឹក។ គម្រោងទីក្រុងអណ្តែតទឹកនេះ ជាកិច្ចសហការរបស់ភាគី ៣ ធំៗ គឺអង្គការសហប្រជាជាតិ UN-Habitat ក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Oceanix និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយភាគីទាំង ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ។ សម្រាប់ ដំណាក់កាលដំបូង តម្លៃគម្រោងនេះត្រូវបានប៉ាន់ប្រមាណថាប្រមាណ ២០០លានដុល្លារ ដោយទីក្រុងអណ្តែតទឹកទី១ រំពឹងថានឹងលេចរូបរាងនៅឆ្នាំ២០២៥ ខាងមុខ។ បើតាមផែនការ ភាគីទាំង ៣ គ្រោងនឹងបង្កើតទីក្រុងសរុបដល់ទៅ ៧៥ ហិកតា ដែលអាចផ្ទុកប្រជាជនចំនួន ១០ ០០០ នាក់។ លោកស្រី Itai Madamombe សហស្ថាបនិកនៃ Oceanix បានឱ្យដឹងថា គម្រោងនេះនឹងក្លាយជាគំរូដ៏សំខាន់ សម្រាប់ទីក្រុងឆ្នេរសមុទ្រផ្សេងៗទៀតជុំវិញពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាជន់លិចដោយសារការកើនឡើងនៃទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

សមាគមលំនៅឋាននិងរដ្ឋាករទឹក រួមគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតតាមបុរីជាយក្រុង

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចសហការគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតក្នុងវិស័យសំណង់ បុរី លំនៅឋាន និងខុនដូនានា ពិសេសគម្រោងដែលស្ថិតនៅតំបន់ជាយក្រុង ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ ភាគីទាំង២ បានជួបប្រជុំពិភាក្សាពីបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយបានឯកភាពគ្នាលើចំណុចសំខាន់ធំៗ ២។ ការងារសំខាន់ទី ១ គឺភាគីទាំង ២ នឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នរដ្ឋឱ្យបានប្រសើរជាងមុន ដើម្បីអនុវត្តការងារលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាគម្រោងអភិវឌ្ឍន៍សំណង់នានា។ ដោយឡែក ការងារទី២ គឺសិក្សាបន្ថែម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់ដែលស្ថិតនៅជាយក្រុងភ្នំពេញ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពីស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២ ផងដែរ។

អាន​បន្ថែម

ADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដល់កម្ពុជាដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពសេដ្ឋកិច្ច ក្នុងទីក្រុងធំៗ ៣ នៃប្រទេសកម្ពុជារួមមាន ក្រុងបាវិត កំពត និង ប៉ោយប៉ែត។ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃ១៩ ខែវិច្ឆិកា គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅទីក្រុងទាំង ៣ ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។ លើសពីនេះ គម្រោងនឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណងពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។ នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។ ដោយឡែក នៅក្រុងកំពត គម្រោងនឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។ លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត […]

អាន​បន្ថែម

អាជ្ញាធរភ្នំពេញគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅស្ទឹងព្រែកត្នោត

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ខណ្ឌ៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។ ឯកឧត្តម ឃួង ស្រេង ស្នើដូច្នេះ ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ឯកឧត្តម មានប្រសាសន៍ថា៖ «ចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅខណ្ឌកំបូលខណ្ឌ ដង្កោ និងពោធិ៍សែនជ័យ»។ គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្មីៗនេះក៏បានបង្ហាញផែនការបង្កើនការផលិតទឹកស្អាតបន្ថែម ៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ និង ៦ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ ២០៣០។ (អានបន្ថែម) បច្ចុប្បន្ន តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង ៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតទឹកស្អាតពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានបរិមាណតែ ជាង៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។

អាន​បន្ថែម