UPG រៀបចំការប្រកួតប្រជែងសីល្បៈបំពង់ទីបជ័រជាលើកដំបូង
អ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញស្នាដៃសិល្បៈជាច្រើនដែលរចនាឡើងដោយយុវជនខ្មែរដែលមានទេពកោសល្យ ដោយគ្រាន់តែប្រើបំពង់ទីបជ័រនៅក្នុងការប្រកួតប្រជែងសិល្បៈបំពង់ជាលើកដំបូងរបស់ប្រទេស ដែលផ្តួចផ្តើមដោយ UPG Pipe ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់បំពង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីប្រកួតប្រជែងសិល្បៈបំពង់ Eagle Pipe Art Contest ដែលផ្តួចផ្តើមដោយបំពង់ម៉ាក Eagle របស់ក្រុមហ៊ុន គឺជាការប្រកួតប្រជែងលើកដំបូងក្នុងប្រភេទសិល្បៈនេះ។ ការប្រកួតប្រជែងបានអំពាវនាវឲ្យមានការដាក់ស្នើនូវស្នាដៃសិល្បៈបំពង់ដែលប្រកបដោយភាពច្នៃប្រឌិតដូចជា គ្រឿងលំអ ឧបករណ៍ប្រើប្រាស់ គ្រឿងសង្ហារឹម រូបគំនូរបិទផ្គុំ រូបចម្លាក់ ការដំឡើង ការសម្តែងជាដើម ដោយប្រើតែផលិតផលរបស់ Eagle Pipe។ សិល្បករវ័យក្មេងមកពីសកលវិទ្យាល័យក្នុងស្រុកដែលចូលរួមការប្រកួតប្រជែងនេះ បានបង្ហាញនូវទេពកោសល្យសិល្បៈច្នៃប្រឌិតរបស់ពួកគេ។

បេក្ខជននិស្សិតចំនួន ១៤នាក់ បានដាក់ស្នាដៃជាបុគ្គល ឬជាក្រុមរបស់ពួកគេដើម្បីចូលរួមប្រកួត ប៉ុន្តែមានបេក្ខជនតែប្រាំពីរនាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់។
ជ័យលាភីលេខមួយបានទៅលោក Tang Sang Voong និស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជំនាញផ្នែកវិស្វកម្ម ដែលបានផលិតរថយន្តពីបំពង់ Eagle ដែលអាចផ្ទុកទម្ងន់លើសពី ១០០ គីឡូក្រាម។
និស្សិត សាង វង់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី៥ ខែសីហា ថា លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈ្នះការប្រកួត។ “ខ្ញុំត្រូវបានព្យាយាមប្រឹងប្រែងពីរដងដើម្បីបង្កើតរថយន្តនេះ។ ខ្ញុំចំណាយពេលត្រឹមតែកន្លះខែប៉ុណ្ណោះដើម្បីបង្កើតរថយន្តរូបរាងដំបូង ប៉ុន្ដែខ្ញុំចំណាយពេលជាងមួយខែដើម្បីបង្កើតរថយន្តរូបរាងចុងក្រោយ”។

លោក Chhun Chetna ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន UPG Pipe Co., Ltd. មានមោទនភាពដែលឃើញបេក្ខជនបានប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រកួតប្រជែងច្នៃប្រឌិតនេះ ទោះបីជាពួកគេមានកម្មវិធីសិក្សាមមាញឹកយ៉ាងណាក៏ដោយ។ លោកបានលើកឡើងថា “ទោះបីពួកគេនឹងបន្តការសិក្សា ឬអាជីពរបស់ពួកគេនៅក្នុងសិល្បៈផ្នែកនេះ ឬមិនក៏ដោយ ខ្ញុំជឿថាពួកគេនឹងរួមចំណែកគំនិតច្នៃប្រឌិតរបស់ពួកគេលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់យើង។”
បន្ទាប់ពីជោគជ័យនៃការប្រកួតប្រជែងលើកទី១ នេះ លោក ចិតណា បានប្រកាសនៅពេលប្រគល់រង្វាន់ថា ការប្រកួតប្រជែងនេះនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការផ្តល់ជូនរង្វាន់ធំជាងនេះ ។ “ការប្រកួតប្រជែងឆ្នាំ ២០១៨ នឹងបើកទទួលចុះឈ្មោះនៅខែមិថុនា ឆ្នាំ២០១៨ សម្រាប់បេក្ខជនទាំងអស់មកពីសាលារៀន ឬសាកលវិទ្យាល័យនានា មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា”។

ក្រុមហ៊ុន UPG Pipe គឺជាក្រុមហ៊ុនផលិតបំពង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានចក្ខុវិស័យក្លាយជារោងចក្រផលិតបំពង់ធំបំផុតនៅក្នុងប្រទេស។ ក្រុមហ៊ុនផលិតបំពង់ក្រោមម៉ាកពាណិជ្ជកម្ម Eagle ដែលរួមមានបំពង់ uPVC បំពង់រត់ខ្សែភ្លើង បំពង់ទន់ដែលអាចបត់បែនបាន គ្រឿងបរិក្ខារ និងគ្រឿងបន្លាស់ផ្សេងៗ។ ដោយសារតែស្តង់ដារគុណភាពពិសេស បំពង់ម៉ាក Eagle ត្រូវបានទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជាចំពោះគុណភាពខ្ពស់របស់វា ។
ចាប់តាំងពីឆ្នាំ ២០១៦ ក្រុមហ៊ុន UPG ជាសមាជិកសកម្មនៃសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលជាក្រុមអ្នកម៉ៅការសាងសង់ឯកជនមួយមានជាង ១២៥សមាជិក ដែលជាអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់។
CCA បានសម្តែងនូវការគាំទ្ររបស់ខ្លួនដល់សមាជិករបស់ខ្លួន ដែលបានផ្តួចផ្តើមឲ្យមានការប្រកួតប្រជែងច្នៃប្រឌិតបែបនេះ។
លោក ជីវ ស៊ីវផេង តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា “សមាគមសូមសរសើរដោយស្មោះចំពោះក្រុមហ៊ុន UPG Pipe សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ដែលបានជំរុញជំនាញច្នៃប្រឌិត និងទេពកោសល្យក្នុងសិល្បៈរបស់វិស្វករ ស្ថាបត្យករ និងសិល្បករវ័យក្មេងរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះក៏ជំរុញឲ្យមនុស្សវ័យក្មេងៗរបស់យើងបង្កើតស្នាដៃមានប្រយោជន៍ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាជាងធ្វើអ្វីដែលមានគ្រោះថ្នាក់ ឬមិនអាចទទួលយកបានសម្រាប់សង្គម”។
- Video Advertisement -