ក្រុមប្រទេសមហាអំណាចបោះទុន $១៥ពាន់លាន ជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតឈានមុខគេនៅអាស៊ីអាគ្នេយ៍

មហាអំណាចធំៗ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រុកជួយវៀតណាម ឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេលើវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងថវិកាជំនួយចំនួន ១៥,៥ ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើធ្យូងថ្ម និងគាំទ្រដល់គោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមសារៈព័ត៌មាន Tuoitrenews.vnចេញផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី Kitty Bu អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (GEAPP) បានសង្កត់ធ្ងន់លើសក្តានុពលថាមពលកកើតឡើងវិញដ៏ធំរបស់ប្រទេសវៀតណាម ជាពិសេសថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS)។

គួររំលឹកថា គិតត្រឹមឆ្នាំ ២០២៣ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងរបស់វៀតណាម មានរហូតដល់ទៅប្រមាណ ១៧GW  ដែលតួលេខនេះ គឺលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអាស៊ានទាំងអស់បូកបញ្ចូលគ្នា រួចទៅហើយ។

លោកស្រី Bu បានចង្អុលបង្ហាញគោលដៅមហិច្ឆតារបស់វៀតណាមក្នុងការបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចបៃតងចំពោះផលិតផលក្នុងស្រុកសរុប ឱ្យបានពី ៦,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ វៀតណាមត្រូវការវិនិយោគយ៉ាងច្រើន ដែលគេបានប៉ាន់ស្មានថា យ៉ាងហោចវៀតណាមត្រូវការថវិកាវិនិយោគប្រមាណ ១៣៥ពាន់លានដុល្លារនៅឆ្នាំ២០៣០ និង ៥១១ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកការផ្ទុកថាមពល និងធ្វើទំនើបកម្មបណ្តាញអគ្គិសនីជាតិ។

គំនិតផ្តួចផ្តើមសំខាន់ៗជំរុញការផ្លាស់ប្តូរថាមពលរបស់វៀតណាម៖

១. យុទ្ធសាស្ត្រកំណើនបៃតងជាតិ ២០២១-២០៣០៖ ក្របខ័ណ្ឌសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

២. ផែនការថាមពលទី៨៖ ផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំរចនាសម្ព័ន្ធវិស័យថាមពលឡើងវិញ។

៣. កិច្ចព្រមព្រៀង JETP៖ កិច្ចសហការអន្តរជាតិកៀងគរមូលនិធិសម្រាប់គម្រោងថាមពលស្អាត ដែលទើបតែនឹងបានទទួលជំនួយ ១៥,៥ ពាន់លានដុល្លារ ថ្មីៗនេះ។

អគ្គកុងស៊ុលអង់គ្លេស លោក Alexandra Smith បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់វៀតណាមលើវិស័យថាមពលកកើតឡើងវិញ ដោយចាត់ទុកថា “តាមរយៈការប្តេជ្ញាចិត្តការបំភាយកាបូនសូន្យសុទ្ធ វៀតណាមបានតាំងខ្លួនជាអ្នកនាំមុខក្នុងតំបន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាទិសដៅដ៏ល្អសម្រាប់ការវិនិយោគបៃតង”។

ដូចគ្នានេះដែរ អគ្គកុងស៊ុលហូឡង់ លោក Daniel Stork បានលើកឡើងពីការរួមចំណែករបស់ប្រទេសអឺរ៉ុប ក្នុងការជួយវៀតណាមឱ្យសម្រេចបានគម្រោងថាមពលកកើតឡើងវិញដោយជោគជ័យយ៉ាងច្រើន ដូចជាគម្រោងស្ថានីយថាមពលដើរដោយខ្យល់ចំនួន ១៧ លានអឺរ៉ូក្នុងខេត្ត Tra Vinh ជាមួយគ្នានោះ ក្រុមហ៊ុនបារាំងដូចជា Green Yellow Vietnam បានដំឡើងប្រព័ន្ធ photovoltaic បង្កើតថាមពលសម្រាប់ផ្ទះបានចំនួន ៨៣០០ខ្នង ក្នុងមួយឆ្នាំ។

គម្រោងបន្ថែមដូចជា គម្រោងទំនប់វារីអគ្គិសនីស្តុកទុក Bac Ai នៅខេត្ត Ninh Thuan ជាគំរូដល់កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយដៃគូពិភពលោក រួមទាំងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងធនាគារវិនិយោគអឺរ៉ុបផងដែរ។ គំនិតផ្តួចផ្តើមនេះ គាំទ្រដោយយុទ្ធសាស្ត្រ Global Gateway របស់សហភាពអ៊ឺរ៉ុប គឺជាគម្រោងដំបូងគេនៅក្នុងប្រទេសវៀតណាម និងជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះវិស័យច្នៃប្រតិដ្ឋថ្មីក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល។

គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងយុទ្ធសាស្ត្រវិនិយោគដ៏រឹងមាំបញ្ជាក់ពីសក្ដានុពលរបស់ខ្លួនក្នុងការក្លាយជាគំរូសម្រាប់ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព និងបានជះឥទ្ធិពលលើប្រទេសនានាក្នុងតំបន់ចំពោះថាមពលកកើតឡើងវិញ និងកំណើនបៃតង។ ខណៈដែលពិភពលោកកំពុងបង្កើនចំណាប់អារម្មណ៍កាន់តែខ្លាំងចំពោះវិស័យថាមពលកកើតឡើងវិញ វៀតណាមបានដើរមុនគេមួយជំហាន ឈានទៅរកការសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការវិនិយោគវិស័យថាមពលស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរួចទៅហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB គ្រោងវិនិយោគ $១០ពាន់​លាន ​ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។ នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend។ លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។ លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។ យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato […]

រដ្ឋមន្រ្តី៖ បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន១៧ ប្តេជ្ញាចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយ លោក.Kohei wakabayashi ប្រធានអង្គការ JETRO កាលថ្ងៃ ១៣ ឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោក.Kohei wakabayashi ប្រធានអង្គការ JETRO បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយផ្តោតលើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីផ្សារឥណទានកាបូន នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម ព្រៃឈើ និងជលផលនៃប្រទេសជប៉ុន នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍រាល់វិនិយោគិនទាំងឡាយដែលចង់មកសហការ បណ្តាក់ទុនលើវិស័យបរិស្ថាននៅកម្ពុជា ដូចជា ឥណទានកាបូន ឧស្សាហកម្មបៃតង ថាមពលសន្សំសំចៃ ការកៀរគរមូលនិធិអាកាសធាតុបៃតង(GCF)ជាដើម ដែលស្របតាមច្បាប់បទដ្ឋានគតិយុត្តនានា ផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា។ បើតាមក្រសួងបរិស្ថាន គិតដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបានបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ជាពិសេសបណ្តាញការងារនេះនឹងជួយជំរុញបន្ថែមនូវការបង្កើតសេដ្ឋកិច្ចរួមគ្នាសម្រាប់អនាគតនិន្នាការសកល រវាងប្រទេសទាំងពីរ […]

មកទល់ពេលនេះមានក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីបំណងចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

  ក្នុង​ការ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ថាមពល​របស់​កម្ពុជា ក្រុមហ៊ុន​ចិន​ចំនួន​បី​បាន​ប្រកាសជាបន្តបន្ទាប់​ពី​ផែនការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ចម្រាញ់​ប្រេង​ឆៅនៅក្នុង​ប្រទេសមួយ​នេះ។ ការអភិវឌ្ឍន៍នេះបានបង្ហាញពីជំហានគួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកការលើកកម្ពស់ឯករាជ្យភាពថាមពល និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្រោយពី ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd និង ក្រុមហ៊ុន Guanzun Energy Investment Co., Ltd, ទើបប្រកាសថាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា, ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសពីផែនាការរបស់ខ្លួនដែលចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងឆៅនៅកម្ពុជាផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានផ្តល់ការស្វាគមន៍ចំពោះគណៈប្រតិភូមកពីក្រុមហ៊ុន Beijing Sainte Holding Co., Ltd ដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ បន្ទាប់មក […]

ក្រសួងបរិស្ថាន គ្រោងចែកកូនឈើ ៣លានដើម ដល់ពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា

ក្រសួងបរិស្ថាន បានប្តេជ្ញាលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ខណៈក្រសួងក៏គ្រោងចែកកូនឈើចំនួន ៣លានដើមបន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់USAID ក្នុងវិស័យបរិស្ថាននិងសង្គម និងបានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដោយនៅឆ្នាំ២០២៥ ក្រសួង គ្រោងចែកកូនឈើចំនួន ៣លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានម៉ឹងម៉ាត់ផងដែរ។ ក្រសួងបរិស្ថានបានឱ្យដឹងថា កាលឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបានចែកកូនឈើ ដល់ប្រជាពលរដ្ឋដាំបានរហូត […]

ឡាវបើកការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំ១ ក្នុងតម្លៃ $៣៦០លាន សម្រាប់នាំចេញអគ្គិសនីទៅប្រទេសវៀតណាម

ទំនប់វារីអគ្គិសនីណាំនឿន១ ដែលមានអនុភាព១២៤មេហ្គាវ៉ាត់ និងទុនវិនិយោគ ៣៦០លានដុល្លារ មានទីតាំងស្ថិតនៅភូមិ Phienghong ស្រុក Nonghet ខេត្ត Xieng Khuang ប្រទេសឡាវ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវកានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ គម្រោងដ៏ធំមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង សម្រាប់នាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ, ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីខេត្ត Xieng Khuang និង Huaphan និងគណៈគ្រប់គ្រងគម្រោងផងដែរ។ គួរបញ្ជាក់ថា គម្រោង​នេះ​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Nam Neun 1 Hydropower Co., Ltd. និង​សាងសង់​ដោយ​ក្រុមហ៊ុន Vietnam Joint Stock Company 47 (CC47) ក្រោមទុន​វិនិយោគ​ប្រមាណ ៣៦០លាន​ដុល្លារ​ ដែលមានអនុភាពរហូតដល់ ១២៤ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់ […]

ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ $៩០លាន លើផ្ទៃដី ៣០ហិកតា នៅក្រុងតាខ្មៅ ចាប់ផ្តើមសាងសង់ហើយ!

  គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ទំហំ ៣០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះហើយ។ គម្រោងនេះផ្តួចផ្ដើមឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន ៩០លានដុល្លារ។ ពិធិបើកការដ្ឋាននេះត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈនៅក្នុងតំបន់។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ នឹងត្រូវ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃក្នុងកិច្ចសន្យាសរុបប្រមាណជាង ៩០លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។ គម្រោងនេះ ត្រូវបែងចែកជា២ផ្នែក៖ ១. ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប […]