WB សម្រេចជួយកម្ពុជា $១០០លាន បង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈ និងមត្តេយ្យសិក្សា
ធនាគារពិភពលោក (WB) បានប្រកាសផ្តល់ជំនួយ ១០០លានដុល្លារ សម្រាប់កែលម្អវិស័យអប់រំសម្រាប់កុមារតូចៗនៅកម្ពុជា ដោយក្នុងនោះក៏មានបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន៦០កន្លែង និងថ្នាក់មត្តេយ្យសិក្សាចំនួន ៦០ថ្នាក់ ផងដែរ។
WB នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីមូលនិធិបរធនពហុម្ចាស់ជំនួយ សម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund) គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាន នៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។
កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន នៅប្រទេសកម្ពុជានៅថ្ងៃនេះ។
គម្រោងនេះ ក៏នឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ថ្នាក់ ដើម្បីជួយម្តាយ ដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ បន្ថែមលើសិស្សបឋមសិក្សា ជាង១.៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រមាណជា ២.២០០នាក់ និងកុមារអាយុពី ៣ ដល់៥ឆ្នាំ ជាង ៥០.០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ ពីការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មតេ្តយ្យសិក្សា។
លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា រំពឹងថា គម្រោងនេះ នឹងជួយធានាថា កុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាពេលអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ៕
- Video Advertisement -