កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង
រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងធ្វើទំនើបកម្មកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រ សម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០
កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង ខណៈភាគីពាក់ព័ន្ធ ប្តេជ្ញាជំរុញការកែលម្អបរិយាកាសការងារនៅតាមអង្គភាពសេដ្ឋកិច្ចទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត។
នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
សិក្ខាសាលាខាងលើ បានឱ្យដឹងថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរអាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានរំលេចពីតួនាទីស្នូលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបន្តថា សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារពិភពលោក។
ក្រសួងឧស្សាហកម្ម បានបញ្ជាក់ដែរថា នៅក្នុងសិក្ខាសាលាខាងលើ ក៏បានប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីធានាថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គាំទ្រចក្ខុវិស័យ ២០៥០ របស់រាជរដ្ឋាភិបាល រួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពយេនឌ័រ ការលើកទឹកចិត្ត និងភាពជាដៃគូរវាងរដ្ឋ-ឯកជនឱ្យកាន់តែរឹងមាំផងដែរ៕
- Video Advertisement -