កំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។
មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ មានសមត្ថភាពកត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង សុធាយុទ្ធ បានលើកឡើងថា ការបំពាក់បច្ចេកវិទ្យាទំនើបនេះ អាចគ្រប់គ្រងការថ្លឹងរថយន្ត និងទំនិញកសិផល-រ៉ែ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ម្យ៉ាងប្រព័ន្ធនេះ ស្គាល់គ្រប់ទម្រង់ផ្លាកលេខនៅកម្ពុជា មានសមត្ថភាពបូកសរុបរបាយការណ៍ ដោយស្វ័យប្រវត្តិ ជូនគ្រប់ភាគីពាក់ព័ន្ធ ដែលកំពុងដាក់ឱ្យប្រើប្រាស់ជាមួយផ្លូវល្បឿនលឿននៅកម្ពុជា។
ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមដែរថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះ បាននិងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។
គួរបញ្ជាក់ថា គួរបញ្ចាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលព័ស្តុភារកម្មនេះឡើង គឺផ្តោតសំខាន់លើការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ (អានបន្ថែម)
- Video Advertisement -