ក្រសួងបរិស្ថាន៖ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លាន ហិកតា, ៤១% នៃផ្ទៃដីទូទាំងប្រទេស

ប្រទេសកម្ពុជាពេលនេះ មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣ តំបន់ (​ឥសាន ឧត្តរ និងជួរភ្នំក្រវាញ)​ លាតសន្ធឹងលើផ្ទៃដីសរុប​ប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសពត៌មាន របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។

កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។

តំបន់ការពារធម្មជាតិ

គិតត្រឹមឆ្នាំ ២០២០ នេះ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លានហិកតា ។ តំបន់ការពារធម្មជាតិ គឺជាតំបន់ដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។

បើតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា​ ខេត្តពោធិ៍សាត់ មានតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីសរុបចំនួន ៦៨៩ ២៩៧ ហិក​តា ចែកចេញជាងចំនួន ០៦ តំបន់គឺ តំបន់ពហុបំណងបឹងទន្លេសាប ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ។

ចំណែកខេត្តកោះកុង មានតំបន់ការពារធម្មជាតិចំនួន១០ កន្លែងនៅលើផ្ទៃដីសរុបជាង ១ លានហិកតា​ ដែលក្នុងនោះរួមមាន៖ ឧទ្យានជាតិ​ជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់​ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់​ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារ​កោះការពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

សហគមន៍តំបន់ការពារធម្មជាតិ

ជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ យើងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេស គ្រប       ដណ្តប់ លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា។ សហគមន៍តំបន់ការពារធម្មជាតិទាំងនោះ បានដើរតួជាខ្សែក្រវ៉ាត់ការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការប្រើប្រាស់ផលអនុផលព្រៃឈើ និងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាធ្វើកសិកម្ម ការដាំដំណាំ ការចិញ្ចឹមសត្វ និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិជាដើម។

តំបន់ដែនជម្រកសត្វព្រៃ

ថ្មីៗនេះ ក្រសួងបរិស្ថានបានសម្រេចចុះការចុះបញ្ជីដីរដ្ឋបាន ជាង ៥០.០០០ ហិកតា នៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ នេះជាការចុះបញ្ជីដីរដ្ឋលើកដំបូងបង្អស់ ក្នុងចំណោមតំបន់ការពារធម្មជាតិដទៃទៀត។ (អានបន្ថែម)

តាំងពីឆ្នាំ១៩៩៣ មក ក្រសួងបរិស្ថានបានបង្កើតដែនជម្រកសត្វព្រៃនៅតំបន់ផ្សេងៗ ជាច្រើនទៀតដូចជា៖ ដែនជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃសៀមប៉ាង ជាដើម។

តំបន់រ៉ាមសារ

រាជរដ្ឋាភិបាលកម្ពុជា មានតំបន់ដីសើមបួនកន្លែង ដែលជាតំបន់រ៉ាមសារដែលមានផ្ទៃក្រឡាសរុប ៧៥ ៩៤២ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ី ៣ ផ្សេងៗគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ។ ក្នុងឆ្នាំ ២០១៨ តំបន់ស្នូលស្ទឹងសែន ដែល​មាន​ទំហំ​ ៩​ ២៩៣​ ហិ​កតា​ នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលមានភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះ ត្រូវបានបង្កើតជាតំបន់រ៉ាមសារទីប្រាំរបស់កម្ពុជា។

តំបន់បេតិកភណ្ឌធម្មជាតិ

ក្រោយពីទើបតែបានចុះបញ្ជីតំបន់បេតិកភណ្ឌធម្មជាតិភ្នំ ចំនួន ៣ នៅខេត្តបាត់ដំបង និងចំនួន ៩ នៅខេត្តបន្ទាយមានជ័យ កាលពីខែឧសភាកន្លងទៅនេះ រដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង នៅលើផ្ទៃដីសរុបជិត ៣ ម៉ឺនហិក​តា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួនបន្តទៀត។ (អានបន្ថែម)

លោកជំទាវ ចាន់ សុម៉ាលី  អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (ក.ជ.អ.ច.) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកំណែទម្រង់ស៊ី ជម្រៅលើវិស័យបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិដែលមានផ្ទៃដីសរុបចំនួន៤១% នៃផ្ទៃដីប្រទេស ដែលសម្រេចលើសពីការកំណត់នៅក្នុងគោលដៅជីវៈចម្រុះ (Aichi Target)ទី១១ ដែលកំណត់ឱ្យបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិត្រឹមតែ ១៧% ក្នុងឆ្នាំ២០២០។

បើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ ក្រសួងបរិស្ថានកំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់តំបន់​​ «បឹងយក្ខអោម-យក្សរ៉ា» ជាតំបន់ការពារធម្មជាតិផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]