ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន កំពុងពិនិត្យលទ្ធភាពវិនយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN) កំពុងពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិកម្ពុជាផងដែរ។
គួររំលឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧,៦ពាន់លានដុល្លារ។
សម្តេចធិបតីបានអះអាងថា ក្នុងចំណោមគម្រោងទាំងនោះ មានវិនិយោគិនពីបរទេស មានដូចជាចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្រ្តាលី និងពីបណ្តាប្រទេសជាច្រើនទៀតផងដែរ។ យ៉ាងណាមិញ សម្តេចក៏បានជំរុញឱ្យបណ្តារអ្នកវិនិយោគនានាចុះមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តគាំទ្រ និងការអនុគ្រោះជាច្រើនដល់វិនិយោគបទេស៕
- Video Advertisement -