ចិនចំណាយជិត ៤ពាន់លានដុល្លារ សង់ខ្សែបញ្ជូនតង់ស្យុងកម្រិតខ្ពស់បំផុតដើម្បី ភ្ជាប់តំបន់ធំៗពីរ
ដើម្បីសម្រេចមហិច្ឆតាកសាងប្រភពថាមពលស្អាតដ៏ធំជាងគេក្នុងលោករបស់ខ្លួន រដ្ឋបាលចិនទើបនឹងបានសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងកម្រិតខ្ពស់បំផុត (Ultra High Voltage DC) ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងវែងចម្ងាយ ១.៦៣៤ គីឡូម៉ែត្រ និងចំណាយថវិកាវិនិយោគយ៉ាងច្រើនប្រមាណជា ៣,៩៥ ពាន់លានដុល្លារ (២៨,១ ពាន់លានយ័ន) ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើយោងតាមសាជីវកម្មបណ្តាញអគ្គិសនីជាតិនៃប្រទេសចិន ឱ្យដឹងតាមរយៈការិយាល័យសារៈព័ត៌មានក្រុមប្រឹក្សាជាតិចិន scio.gov.cn កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។
ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្រិតខ្ពស់បំផុត (Ultra High)នេះ លាតសន្ធឹងចាប់តាំងពី តំបន់ស្វយ័ត Ningxia Hui នៅភាគពាយ័ព្យប្រទេស អូសបន្លាយរហូតដល់តំបន់កណ្តាល នៃខេត្តហ៊ូណានភាគកណ្តាលដែលជាបេះដូងនៃមហាយក្សចិន។ បើនិយាយពីសមត្ថភាពបញ្ជូនថាមពល ខ្សែបណ្តាញបញ្ជូនថាមពកម្រិតខ្ពស់បំផុតនេះ អាចផ្ទុកនឹងផ្ទេរថាមពលចម្ងាយរាប់ពាន់គីឡូម៉ែត្រជាមួយនឹងទំហំវ៉ុលរហូតដល់ទៅ ± 800 kV និងមានសមត្ថភាពបញ្ជូនអគ្គិសនីដល់ទៅ ៨លានគីឡូវ៉ាត់។ ទំហំបញ្ជូនថាមពលអគ្គិសនីវិសាមញ្ញបែបនេះ បង្ហាញឱ្យឃើញថាខ្សែបញ្ជូនកម្រិតខ្ពស់នេះ ( UHV DC) គឺជាការធ្វើបដិវត្តការផ្តល់ថាមពលឆ្លងតំបន់ដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក។
ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីទំហំពិតនៃគំនិតផ្តួចផ្តើមនេះ ទាល់តែយើងពិចារណាពីផលប៉ះពាល់ប្រចាំឆ្នាំដែលគេបានព្យាករ ក្រោយពេលគម្រោងនេះដំណើរការ។ នៅពេលសាងសង់រួចរាល់ បណ្តាញបញ្ជូនយក្សនេះ ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដល់ខេត្តយូណាន់ ដែលជាខេត្តដែលកំពុងមានការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយដូច្នេះទាមទារឱ្យមានការផ្គត់ផ្គង់ថាមពលយ៉ាងច្រើន។ ក្នុងន័យប្រៀបធៀប តួលេខការផ្គត់ផ្គង់ថាមពលសម្រាប់តែខេត្តយូណាន់តែមួយនេះ ធំលើសពីការផ្គត់ផ្គង់ថាមពលនៃប្រទេសកម្ពុជាទាំងមូលដល់ទៅពីរដង ដែលកម្ពុជាមានការផ្គត់ផ្គង់ថាមពលត្រឹមតែប្រមាណជាង ១៥ ពាន់លានគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ (តាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរអគ្គិសនីកម្ពុជា ឆ្នាំ ២០២២)។
ការបោះជំហានឥតងាករេរបស់មហាអំណាចសេដ្ឋកិច្ចចិន ដែលស្រេកឃ្លានថាមពលស្អាត ត្រូវបានគូសបញ្ជាក់ដោយការដាក់បញ្ចូលគម្រោងដ៏មានមហិច្ឆតានេះនៅក្នុងផែនការជាតិនៃយុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ខ្លួនដែលបានបង្ហាញជាសាធារណៈកាលពីឆ្នាំមុន។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីទាញយកប្រភពថាមពលស្អាត រួមទាំងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ photovoltaic ពីវាលខ្សាច់ដ៏ធំរបស់ប្រទេស និងពីតំបន់ដែលមិនសូវមានការអភិវឌ្ឍ។
លើសពីនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សម្បើមនេះ ស្របទៅនឹងការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ប្រទេសចិន ដែលកំពុងខិតខំដណ្តើមមុខមាត់ថាជាមេដឹកនាំពិភពលោកដោយព្យាយាមបង្ហាញគំរូល្អៗ និងធ្លាប់បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួនក្នុងការបំភាយកាបូនដល់កម្រិតកំពូលនៅឆ្នាំ ២០៣០ និងចិនក៏បានប្រកាសផងដែរថា ខ្លួនគ្រោងនឹងសម្រេចឱ្យបាននូវអព្យាក្រឹតកាបូនយ៉ាងពេញលេញនៅត្រឹមឆ្នាំ ២០៦០៕
- Video Advertisement -