ចិនបើកការដ្ឋានសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃ ៣.៥ពាន់លានដុល្លារ នៅប៉ាគីស្ថាន
ចិនបានបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត តម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ នៅប្រទេសប៉ាគីស្ថាន ដើម្បីអាចផលិតថាមពលអគ្គិសនីបាន ១២០០មេហ្គាវ៉ាត់ជារៀងរាល់ថ្ងៃដល់បណ្តាញជាតិ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន VOA កាលពីថ្ងៃទី១៤ កក្កដា ២០២៣នេះ ។
ពិធីបើកការដ្ឋាននេះត្រូវបានអញ្ជើញចូលរួមដោយនាយករដ្ឋមន្ត្រី Shehbaz Sharif និងមន្ត្រីជាន់ខ្ពស់របស់ចិន នៅកណ្តាលទីក្រុង Chashma ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរចិន-ប៉ាគីស្ថាន។
ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានដំឡើងអង្គភាពផលិតថាមពលនុយក្លេអ៊ែរចំនួន ៤ នៅក្នុងទីក្រុង Chashma ដោយប្រមូលផ្តុំថាមពលបានប្រហែល ១៣០០មេហ្គាវ៉ាត់ ដោយ ចិនបានផ្តល់សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ចេញជាប្រេងឥន្ធនៈ។
លោកនាយករដ្ឋមន្ត្រី Sharif បាននិយាយថា “កិច្ចសហប្រតិបត្តិការទៅវិញទៅមកនេះ ធើ្វឡើងដើម្បីលើកកម្ពស់ថាមពលស្អាត ប្រសិទ្ធភាព និងមានតម្លៃថោក ដែលនេះ គឺជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជាគំរូសម្រាប់ប្រទេសដទៃទៀតយក តម្រាប់តាម” ។
លោក Raja Ali Raza ប្រធានគណៈកម្មការថាមពលអាតូមិកប៉ាគីស្ថានបាននិយាយថា គម្រោងរោងចក្រនុយក្លេអ៊ែរនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០។
លោក Raza បន្តថា “C-5 នឹងក្លាយជាគម្រោងថាមពលនុយក្លេអ៊ែរជំនាន់ទី III ដ៏ធំបំផុតរបស់ប្រទេសប៉ាគីស្ថាន” ។ “គម្រោងនេះបាននាំ PAEC ទៅមុខបានមួយជំហានទៀត ដើម្បីឱ្យខិតទៅជិតគោលដៅដែលរំពឹងថានឹងអាចផលិតអគ្គិសនីឱ្យបាន ៨៨០០ មេហ្គាវ៉ាត់ ដោយមានតម្លៃថោក និងថាមពលស្អាត”។
ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទីក្រុងប៉េកាំង បានសាងសង់ និងដាក់ឱ្យដំណើរការពាណិជ្ជកម្មរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន ១៤រួចហើយ នៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ជាមួយនឹងសមត្ថភាពដំឡើងសរុប ៨០០០ មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ។
គម្រោងនេះគឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ឬ CPEC ដែលបានសាងសង់ផងដែរនូវបណ្តាញផ្លូវថ្នល់ ផ្លូវហាយវេ កំពង់ផែ និងតំបន់ឧស្សាហកម្ម ជាមួយនឹងការវិនិយោគផ្ទាល់ពីចិន និង “កម្ចីទន់” រំពឹងថានឹងកើនឡើងដល់ប្រហែល ៦២ពាន់លានដុល្លារនៅឆ្នាំ២០៣០ នៅពេលដែលកិច្ចការធំនឹងត្រូវបញ្ចប់។
- Video Advertisement -