ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%
អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។
ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ កន្លែង ដោយអគារមួយបានរាយការណ៍ថាមានអ្នកកាន់កាប់ ៥០% រួចហើយ។
ទោះបីជាមានសុទិដ្ឋិនិយមនេះក៏ដោយ ឱនភាពក្នុងវិស័យអគារការិយាល័យនៅតែបន្ត ជាមួយនឹងអត្រាទំនេរនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុងបាងកក បានកើនឡើងពី ២៥,៤% ទៅ ២៦,៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ អត្រាទំនេរសម្រាប់អគារប្រភេទជាឃ្លាំងជួលដាក់ទំនិញ ក៏នៅតែមានកម្រិតខ្ពស់ផងដែរគឺលើសពី ២១%។
យ៉ាងណាក្តី លោក Panote បានសង្កត់ធ្ងន់លើសក្ដានុពលនៃកំណើនក្នុងតំបន់ ចំពេលមានការផ្លាស់ប្តូរគំរូពាណិជ្ជកម្មពិភពលោក។ ជាមួយនឹងរដ្ឋបាលរបស់ប្រធានាធិបតី Biden បន្តដាក់ពន្ធលើទំនិញចិនដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយអតីតប្រធានាធិបតី Trump តស៊ូមតិសម្រាប់របាំងពាណិជ្ជកម្មកាន់តែតឹងរ៉ឹង អាស៊ីអាគ្នេយ៍កំពុងឈរលើទីតាំងយុទ្ធសាស្ត្រល្អបំផុតដែលនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការវិនិយោគបរទេស ចេញពីជម្លោះនេះ។
ថ្មីៗនេះ រដ្ឋាភិបាលថៃបានរាយការណ៍ពីការកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺប្រមាណ ៣៥% នៃពាក្យសុំវិនិយោគបរទេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលមានទំហំវិនិយោគ ប្រមាណ ជាង ៣ពាន់លានដុល្លារអាមេរិក ដែលជំរុញភាគច្រើនដោយវិនិយោគិនចិន និងសិង្ហបុរី នេះបើយោងតាមប្រភពពីក្រុមប្រឹក្សាវិនិយោគថៃ៕
- Video Advertisement -