ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស
ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។
ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។
ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន និងការកាត់បន្ថយពន្ធដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងផលិតកម្ម EV ។
លោកនាយកប្រតិបត្តិ Glancy បានសង្កត់ធ្ងន់ថា “ដើម្បីឱ្យសក្ដានុពលពេញលេញនៃឧស្សាហកម្មមួយនេះត្រូវបានអនុវត្ត យើងមិនអាចមើលរំលងបានឡើយពីតួនាទីនៃអចលនទ្រព្យដែលជាផ្នែកពាណិជ្ជកម្ម និងជាឆ្អឹងខ្នងនៃនិរន្តរភាពរយៈពេលវែងរបស់ទីផ្សារ EV។”
គិតត្រឹមឆ្នាំ ២០២៤ គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់ប្រទេសថៃ បានទាក់ទាញការវិនិយោគចំនួន ១,៨ពាន់លានដុល្លារ រួចជាស្រេច ដោយមានការចូលរួមចំណែកសំខាន់ៗពីក្រុមហ៊ុន BYD របស់ប្រទេសចិន ការវិនិយោគចំនួន ១,៤ពាន់លានដុល្លារ ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលបានប្តេជ្ញាចិត្តថានឹងសម្រេចឱ្យបានចំនួន ៤,៤ ពាន់លានដុល្លារ ផងដែរនោះ។ ទិន្នន័យធំៗទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីទំនុកចិត្តនៃទីផ្សារនិងពីវិនិយោគិនសកលនៅក្នុងវិស័យ EV របស់ប្រទេសថៃ និងភាពប៉ិនប្រសប់របស់ថៃក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈមូលធនក្នុងស្រុក និងអន្តរជាតិ។
ដើម្បីសម្រេចបាននូវគោលដៅ 30@30 ប្រទេសថៃនឹងត្រូវការការផលិតអាគុយសម្រាប់រថយន្ត EV លើសពី ៣៤ GWh នៅឆ្នាំ ២០៣០ ដែលតម្រូវឱ្យមានអចលនទ្រព្យសំខាន់ៗសម្រាប់រោងចក្រផលិតថ្មី។ បច្ចុប្បន្ន ប្រទេសនេះមានយានជំនិះអគ្គិសនីចំនួន ១៦៧.០០០ គ្រឿងកំពុងគោចរនៅលើដងផ្លូវ ដែលសម្រេចបាន ២៦,៤% នៃគោលដៅរបស់ខ្លួនដើម្បីឱ្យមានរថយន្ត EV ៤៤០.០០០គ្រឿង នៅឆ្នាំ ២០៣០។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះក៏កំពុងជំរុញឱ្យមានតម្រូវការសម្រាប់កន្លែងផលិតបច្ចេកវិទ្យាខ្ពស់ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។
ជុំវិញបញ្ហានេះ លោក Glancy បានធ្វើការកត់សម្គាល់ថា៖ “ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ មានសារៈសំខាន់ណាស់សម្រាប់ការរក្សាបាននូវការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងឧស្សាហកម្ម EV ដែលតម្រូវឱ្យមានអចលនទ្រព្យឯកទេសដើម្បីគាំទ្រដល់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំ។”
តួអង្គសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ី EV របស់ថា៖ក្រុមហ៊ុនHyundai និង CATARC បានបង្កើតកន្លែងស្រាវជ្រាវនិងអភិវឌ្ឍន៍ R&D រួចហើយនៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុន BYD បានបើកឃ្លាំងគ្រឿងបន្លាស់នៅទីក្រុងបាងកក ហើយក្រុមហ៊ុន Tesla បានបង្កើតកន្លែងដ៏ទូលំទូលាយដែលរួមមានមជ្ឈមណ្ឌលសេវាកម្ម និងឃ្លាំងគ្រឿងបន្លាស់។ ការកើនឡើងនៃសកម្មភាពនេះ ត្រូវបានគាំទ្របន្ថែមទៀតដោយការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការលើកកម្ពស់ R&D តាមរយៈការឧបត្ថម្ភធន និងការលើកទឹកចិត្តពន្ធសម្រាប់អ្នកផលិតរថយន្តដែលវិនិយោគលើបច្ចេកវិទ្យាទំនើប។
លើសពីការផលិតបែបប្រពៃណី ក្រុមហ៊ុន JLL ក៏បានព្យាករពីកំណើននៃវិស័យនេះរួមបញ្ចូលជាមួយវិស័យពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ី EV ដូចជាកម្មវិធី AI បច្ចេកវិទ្យាថ្ម សំបកកង់ និងការផលិតកៅស៊ូជាដើម។
លោក Glancy បានប្រមើលទុកថា “ការរួមបញ្ចូលគ្នានៃការគាំទ្រគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងភាពប៉ិនប្រសប់របស់ប្រទេសថៃ គឺជាកូនសោរគន្លឹះដ៏សំខាន់ក្នុងការបំប្លែងមហិច្ឆតារបស់ខ្លួនសម្រាប់ទីផ្សាររថយន្ត EV ថៃ ឱ្យក្លាយជាការពិតដោយជោគជ័យនិងប្រកបដោយនិរន្តរភាព”៕
- Video Advertisement -