ធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ
“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។
នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែងខ្លាំងមែនទែនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនធ្លាប់មានក្នុងរវាង ៣០ ឆ្នាំកន្លងមកនេះ។
ការរីករាលដាលកូវីដ–១៩ មួយរយៈកន្លងទៅនេះ បានធ្វើឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា សំខាន់ៗរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងវិស័យសំណង់ ដែលតំណាងឱ្យ ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ ៤០ ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។
ជាលទ្ធផល កម្រិតភាពក្រីក្ររបស់កម្ពុជាក្នុងឆ្នាំ ២០២០ នេះ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ធៀបទៅនឹងកម្រិតស្ថានភាពនៅពេលដែលគ្មានជំងឺកូវីដ–១៩។ កំណើនភាពក្រីក្រនេះ នឹងមានចំពោះគ្រួសារដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ សំណង់ អ្នកប្រកបរបរលក់ដូរ ឧស្សាហកម្មផលិតកម្ម និងកម្មករកាត់ដេរ ។
របាយការណ៍ដដែលបានព្រមានថា “លំហូរវិនិយោគទុនរកស៊ី កំពុងតែបន្ថយល្បឿនបន្តិចៗរហូតដល់កម្រិតដែលនៅសល់ទាបបំផុត ហើយជាលទ្ធផល នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ដែលទំនងជានឹងបញ្ចប់ការផ្ទុះឡើងនៃវិស័យសំណង់”។
ការប៉ះបង្គិចក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសទេសចរណ៍ និងវិស័យសំណង់នេះ នឹងធ្វើឱ្យមនុស្សប្រមាណ ១, ៧៦ លាននាក់បាត់បង់ការងារធ្វើ។ ទាំងប្រជាពលរដ្ឋ ពិបាករកការងារធ្វើ ទាំងធុរកិច្ចប្រឈមនឹងការកាត់បន្ថយចំណូល នឹងនាំមានឱនភាពសារពើពន្ធ ដែលនឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ ឆ្នាំ កន្លងមក។
ដោយសារមូលហេតុនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ នេះ នឹងថមថយរហូតដល់រវាង –១ និង –២,៩ ភាគរយ ដែលនេះ គឺជាល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះ តាំងពីឆ្នាំ ១៩៩៤ មក។
ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ–១៩នេះ របាយការណ៍ដដែល បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួនផងដែរ។ សម្រាប់វិធានការជាដំណោះស្រាយក្នុងរយៈខ្លី ធនាគារពិភពលោក ស្នើឱ្យមានការចាត់វិធានការរំសាយភាពតានតឹងផ្នែកសេដ្ឋកិច្ច (economic relief) និងការគាំពារសុខភាពសាធារណៈជាបន្ទាន់។
ទន្ទឹមនឹងនេះ ធនាគារពិភពលោក ជំរុញឱ្យមានវិធានការស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។
ក្រៅពីអនុសាសន៍គោលនយោបាយខាងលើ របាយការណ៍នេះ ចាប់អារម្មណ៍ជាពិសេស ទៅលើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវសម្រេចឡើងតាមរយៈការពង្រឹងគុណភាពអប់រំ សម្រាប់ធ្វើឱ្យមានកំណើនប្រកបដោយចីរភាព និងភាពធន់របស់សង្គមនៅកម្ពុជា។
វិសិដ្ឋកម្មគុណភាពអប់រំ ដែលរបាយការណ៍នេះ បានលើកឡើង ចង់សំដៅដល់ការពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ ការភ្ជាប់លក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ និងការដំឡើងមុខតំណែង ទៅនឹងការសម្រេចបានសមិទ្ធផលការងារ និងការធ្វើបសិដ្ឋកម្មសមត្ថភាព បំណិនសម្បទា និងគុណភាពរបស់គ្រូបង្រៀននៅតាមសាលារៀន។
មានសាលារៀនរបស់កម្ពុជាចំនួន ០២ ដែលធនាគារពិភពលោកបានលើកឡើងថា មានគុណផលល្អ និងសម្រាប់អ្នកធ្វើគោលនយោបាយយកជាគំរូក្នុងការធ្វើវិសិដ្ឋកម្មគុណភាពអប់រំកម្ពុជា។ សាលារៀនពីរនោះ គឺសាលារៀនជំនាន់ថ្មី (New Generation School) និង សាលារៀនដែលមានការគ្រប់គ្រងនៅកម្រិតសាលា (School Based Management)៕
- Video Advertisement -