បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក

កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។

នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ចម្ការ​កៅស៊ូ​ចំណាស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០,០០០ហិកតា នៅទូទាំងប្រទេស។ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ក្នុងបរិយាកាសកសិកម្មរបស់កម្ពុជា។

បើតាមលោក ឃុន កក្កដា បានលើកឡើងថា ចម្ការកៅស៊ូដំបូងគេនៅកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយកចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។

លោកបន្ត ដោយសារសណ្ឋានដីនៅខេត្តកំពតមិនសូវអំណោយផលសម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហម​​​បាសាល់ដែលមានក្សេត្របរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះជាលក្ខណៈឧស្សាហកម្ម​​ទ្រង់​​ទ្រាយធំចំនួន៥កន្លែង តាំងពីពេលនោះមក។

​អស់រយៈពេលជាង ១០០ឆ្នាំមកនេះ ឧស្សាហកម្មចម្ការកៅស៊ូបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា បើទោះបីជាមានការផ្លាស់ប្ដូរអ្នកដឹកនាំក៏ដោយ។

គួរបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤៤ម៉ឺន​ហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១ ក្នុងចំណោមនោះ មានដើមកៅស៊ូជិត ៨០ភាគរយ កំពុងផ្ដល់ផល​សម្រាប់​កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ​ទៅកាន់​ទីផ្សារបរទេស។ នេះបើតាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕

យ៉ាងណាមិញ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ បានជាង ៨៨១លានដុល្លារអាមេរិក កើនឡើង ៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិទំនិញនាំចេញ ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ កញ្ញា ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]