ព្រៃឈើជួរភ្នំក្រវាញជាធុងអាគុយផ្តល់ថាមពលអគ្គិសនីសរុបប្រមាណ ២០ភាគរយ សម្រាប់កម្ពុជា
ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញត្រូវបានប្រៀបប្រដូចជាម៉ូទ័របូមទឹក និងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារធនធានទឹកនៅក្នុងតំបន់នេះបានបង្កើតនូវទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបបានប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ព្រមទាំងបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូន ដើម្បីចាក់ចូលសេដ្ឋកិច្ចជាតិ និងសហគមន៍ដោយផ្ទាល់ថែមទៀតផង។
នេះបើយោងតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) លើកឡើងនៅក្នុងកម្មវិធីនៃ«ដំណើរទស្សនាចរសត្វព្រៃ» កាលពីថ្ងៃទី១៩ ខែមីនា។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ ដោយគ្របដណ្តបលើផ្ទៃដីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ)។
កញ្ញាបានថ្លែងថា «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយ របស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។
លើសពីនេះ ឧទ្យានជាតិនេះក៏ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និង ប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត។
គួរបញ្ជាក់ដែរថា ចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណទានកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។ (អានបន្ថែម)
- Video Advertisement -