រោងចក្រទឹកស្អាតបាក់ខែង មានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ
រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ ចូលរួមបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ពិធីសម្ភោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ត្រូវរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ នៅរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។
ថ្លែងក្នុងពិធីដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រោងចក្រផលិតទឹកស្អាតបាក់ខែង នឹងឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋ អគារខ្ពស់ៗ និងរោងចក្រសហគ្រាស។
បើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២១ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី ១៥ហិកតា ។
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។
គួរបញ្ជាក់ថា សម្រាប់ជំហានទី១នេះ ត្រូវបានចំណាយសរុបអស់ ២០០លានដុល្លារ ដែលក្នុងនោះរួមមាន បានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារ ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារ។
សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារ ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារ ។
សរុបថវិកាវិនិយោគលើរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកាសរុបជិត ៤០០លានដុល្លារ។




- Video Advertisement -