សម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។
នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចបានថ្លែងឱ្យដឹងថា «…ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ទីក្រុងនេះត្រូវគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមែនទែន ហើយគ្រប់គ្រងឱ្យបានតែម្តង…»
សម្តេចបន្តដោយសង្កត់ធ្ងន់ថា«…បើផ្លូវលើប្លង់មេ ៥០ម៉. ដល់ពេលសង់មែនទែនកុំឱ្យនៅសល់តែ ១៥ម៉. ដូច្នេះត្រូវមើលឱ្យមែនទែន!»
សម្តេចបានថ្លែងយ៉ាងដូច្នេះ ដោយបានលើឧទាហរណ៍ពីប្រទេសអភិវឌ្ឍមួយចំនួនពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសគឺការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈក្នុងទីក្រុងដូចជាផ្លូវសម្រាប់រថយន្តក្រុង ផ្លូវក្រោមដី និងផ្លូវអាកាស។
ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំបន្ថែមពីការកំណត់ Zoning ឱ្យបានច្បាស់លាស់ នោះគឺមានន័យថា ត្រូវកំណត់តំបន់ដោយបែងចែកឱ្យដាច់រវាងតំបន់លំនៅឋាន តំបន់អាជីវកម្ម និងតំបន់បៃតង ដូចដែលអ្នកអភិវឌ្ឍក្នុងស្រុកមួយចំនួនគេបានអនុវត្តរួចមកហើយ។ ទាំងអស់នេះគឺជា ការវិនិយោគអនាគត ក្នុងពេលបច្ចុប្បន្ន ព្រោះពេលជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ អ្វីដែលពួកគេចង់បានបន្ថែមនោះគឺផាសុខភាព។
នាឱកាសនោះដែរ សម្ដេចបានបញ្ជាក់បន្ថែមថា៖ «មិនចាំបាច់តែក្នុងបុរីទេ ចំពោះតំបន់ក្នុងភូមិ ឃុំ ឬសង្កាត់ណាក៏ដោយ ត្រូវកំណត់ផ្លូវណា…សម្រាប់ធ្វើអាជីវកម្ម ឬជាអាជីវកម្មបូក១ បូក២ទៅ ក្រៅពីនោះយើងត្រូវទុកសម្រាប់ជាតំបន់ស្នាក់នៅ ឬមួយអាជីវកម្មបែបណាដែលមិនរំខាន ដូចជាកន្លែងលក់-ដូរ២៤ម៉ោង ម៉ាត ឬមួយជាហាងអ៊ុតសក់ដែលអត់មានការរំខាន តែបើជាហាងក្ដួងក្ដាំងមានសំឡេងរំខានខ្លាំងៗ ត្រូវកំណត់ដាក់ទៅម្ដុំទៅ…»៕
ចំពោះការពង្រីកទីក្រុង សម្តេចបញ្ជាក់ថា គឺនៅតែបន្ត ដូច្នេះរាជធានីភ្នំពេញក៏រិតតែមានទំហំធំ និងមានសក្តានុពលរិតតែខ្លាំងផងដែរ។
- Video Advertisement -