សម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។

នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានថ្លែងឱ្យដឹងថា «…ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ទីក្រុងនេះត្រូវគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមែនទែន ហើយគ្រប់គ្រងឱ្យបានតែម្តង…»

សម្តេចបន្តដោយសង្កត់ធ្ងន់ថា«…បើផ្លូវលើប្លង់មេ ៥០ម៉. ដល់ពេលសង់មែនទែនកុំឱ្យនៅសល់តែ ១៥ម៉. ដូច្នេះត្រូវមើលឱ្យមែនទែន!»

សម្តេចបានថ្លែងយ៉ាងដូច្នេះ ដោយបានលើឧទាហរណ៍ពីប្រទេសអភិវឌ្ឍមួយចំនួនពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសគឺការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈក្នុងទីក្រុងដូចជាផ្លូវសម្រាប់រថយន្តក្រុង ផ្លូវក្រោមដី និងផ្លូវអាកាស។

ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំបន្ថែមពីការកំណត់ Zoning ឱ្យបានច្បាស់លាស់ នោះគឺមានន័យថា ត្រូវកំណត់តំបន់ដោយបែងចែកឱ្យដាច់រវាងតំបន់លំនៅឋាន តំបន់អាជីវកម្ម និងតំបន់បៃតង ដូចដែលអ្នកអភិវឌ្ឍក្នុងស្រុកមួយចំនួនគេបានអនុវត្តរួចមកហើយ។ ទាំងអស់នេះគឺជា ការវិនិយោគអនាគត ក្នុងពេលបច្ចុប្បន្ន ព្រោះពេលជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ អ្វីដែលពួកគេចង់បានបន្ថែមនោះគឺផាសុខភាព។

នាឱកាសនោះដែរ សម្ដេចបានបញ្ជាក់បន្ថែមថា៖ «មិនចាំបាច់តែក្នុងបុរីទេ ចំពោះតំបន់ក្នុងភូមិ ឃុំ ឬសង្កាត់ណាក៏ដោយ ត្រូវកំណត់ផ្លូវណា…សម្រាប់ធ្វើអាជីវកម្ម ឬជាអាជីវកម្មបូក១ បូក២ទៅ ក្រៅពីនោះយើងត្រូវទុកសម្រាប់ជាតំបន់ស្នាក់នៅ ឬមួយអាជីវកម្មបែបណាដែលមិនរំខាន ដូចជាកន្លែងលក់-ដូរ២៤ម៉ោង ម៉ាត ឬមួយជាហាងអ៊ុតសក់ដែលអត់មានការរំខាន តែបើជាហាងក្ដួងក្ដាំងមានសំឡេងរំខានខ្លាំងៗ ត្រូវកំណត់ដាក់ទៅម្ដុំទៅ…»៕

ចំពោះការពង្រីកទីក្រុង សម្តេចបញ្ជាក់ថា គឺនៅតែបន្ត ដូច្នេះរាជធានីភ្នំពេញក៏រិតតែមានទំហំធំ និងមានសក្តានុពលរិតតែខ្លាំងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]