សហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)
សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។
ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន
សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖
- បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។
- វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។
- យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។
សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព
តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល លទ្ធកម្ម បញ្ហាផ្ទៀងផ្ទាត់គុណភាពក្នុងសង្វាក់ផលិតកម្ម និងការការពារបរិស្ថានដែលជាបញ្ហាចីរភាពជាដើម។ ប៉ុន្តែតាមរយៈគោលការណ៍ចេញថ្មីនេះ នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនផ្សេងៗគ្នាទាំងនោះ នឹងត្រូវសហការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាន អនុលោមតាមលក្ខខណ្ឌដូចមានកំណត់ក្នុងគោលការណ៍ណែនាំថ្មីនេះ។ និន្នាការនេះ បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានមួយកម្រិតធំបន្ថែមទៀតរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គមនិងបរិស្ថាន។
ពេលវេលានៃការអនុវត្ត
បន្ទាប់ពីរយៈពេលសម្រាប់អន្តរកាលពីរឆ្នាំសម្រាប់រដ្ឋជាសមាជិកដើម្បីដាក់បញ្ចូលគោលការណ៍ណែនាំថ្មីនេះ ទៅក្នុងច្បាប់ជាតិ (មានន័យថានឹងចាប់អនុវត្តចាប់ពីឆ្នាំ ២០២៦ទៅ) ក្រុមហ៊ុនធំៗនឹងមានពេលយ៉ាងតិចបីឆ្នាំ ដើម្បីសម្រេចឱ្យបានការអនុលោមតាមច្បាប់ថ្មីនេះ។ ដោយឡែកសម្រាប់ក្រុមហ៊ុនតូចៗ ដែលនឹងមានការបញ្ជាក់ពីទំហំច្បាស់លាស់ នឹងមានរយៈពេលប្រាំឆ្នាំសម្រាប់ការអនុវត្ត។
“ក្រុមហ៊ុនធំៗត្រូវតែទទួលយកទំនួលខុសត្រូវរបស់ពួកគេ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងយុត្តិធម៌សង្គមឱ្យបានកាន់តែច្រើនជាងនេះ។ គោលការណ៍ណែនាំថ្មីនេះ នឹងផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការដាក់ទណ្ឌកម្មតួអង្គ (ក្រុមហ៊ុន)ទាំងនោះ ដែលបំពានលើកាតព្វកិច្ចរបស់ពួកគេ។ វាជាជំហានជាក់ស្តែង និងសំខាន់ឆ្ពោះទៅរកការកសាងនិងសម្រេចឱ្យបាននូវកន្លែងរស់នៅដ៏ប្រសើរសម្រាប់មនុស្សគ្រប់រូប។” ប្រសាសន៍របស់លោក Pierre-Yves Dermagne ឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការងារ។
ក្រោយដាក់ឱ្យអនុវត្ត គោលការណ៍ថ្មីនេះ អាចនឹងជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាការជំរុញចិត្តក្នុងការចូលរួម និងភាពមានកម្រិតនៃការយល់ដឹងពីសំណាក់ក្រុមហ៊ុន និងចូលរួមពីស្រទាប់មហាជន។ តែទោះជាយ៉ាងណាក៏ដោយ សមិទ្ធផលនេះ អាចរាប់បានថាជាជោគជ័យដ៏ធំមួយសម្រាប់ជំហានបន្ទាប់នៃវិស័យសេដ្ឋកិច្ចប្រកបដោយចីរភាព។ គោលការណ៍ណែនាំថ្មីនេះ របស់សហភាពអ៊ឺរ៉ុប នឹងក្លាយជាគំរូដ៏រឹងមាំសម្រាប់អនាគតប្រកបដោយការទទួលខុសត្រូវ និងវឌ្ឍនភាពផ្នែកចីរភាពនៃខ្សែច្រវាក់ពាណិជ្ជកម្មទូទាំងសកល៕
- Video Advertisement -