ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ
គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧ ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារ ដែលជាការចូលរួមពីដៃគូ រួមមាន សហជីពស៉្យាប SIAAP, សមាគមAIMF, ទីភ្នាក់ងារ AESN និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តមបន្តទៀតថា តាមការសិក្សា នៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគុបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគុបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង។
ទន្ទឹមនឹងនេះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឱ្យដឹងដែរថា ក្រុមការងារធ្វើការសិក្សា ១០ឆ្នាំហើយលើការងារប្រព្រឹត្តិកម្មទឹកស្អាត ហើយបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ។ (អានបន្ថែម)
លោកស្រីបានបន្ថែមថា ក្រោយបើកសម្ពោធដាក់ឱ្យប្រើប្រាស់ AIMF នឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាឱ្យការងារមួយនេះទទួលបានជោគជ័យ សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់នូវអត្ថបយោជន៍ សំខាន់ចំនួន ៣ រូមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថានតាមរយៈ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នងទីផ្សារកសិកម្ម ឬអាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។
- Video Advertisement -