អូស្ត្រាលីប្រកាសឈប់ប្រើកាមេរ៉ាផលិតដោយចិននៅតាមអគារសំខាន់ៗរបស់ខ្លួន
រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឈប់ឱ្យបំពាក់កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅតាមអគាររដ្ឋាភិបាលរបស់ខ្លួន ដែលអាចបង្កជាហានិភ័យលើសន្តិសុខប្រទេសទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័នសារពត៌មាន DW News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមហ៊ុនដែលផលិតកាមេរ៉ានេះ រួមមានក្រុមហ៊ុន Hikvision និង Dahua ដែលមានភាគហ៊ុនមួយចំណែករបស់រដ្ឋាភិបាលចិន ដែលបានផ្តល់សេវាកម្មបំពាក់កាមេរ៉ាយ៉ាងហោចណាស់ ៩១៣គ្រឿង ទូរស័ព្ទលើតុ (intercoms) ប្រព័ន្ធចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍ថតវីឌីអូ នៅតាមអគាររដ្ឋាភិបាលអូស្ត្រាលីជាង ២៥០ទីតាំង។
ការប្រកាសបញ្ឈប់ប្រើនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអង់គ្លេស បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ថាឈប់ប្រើប្រាស់កាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅតាមអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួន ក៏ទន្ទឹមនឹងសហរដ្ឋអាមេរិក បានប្រកាសឱ្យហាមមិនឱ្យប្រើផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។
លោក James Paterson រដ្ឋមន្ត្រីសន្តិសុខសាយប័រ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ គឺផ្អែកតាមច្បាប់ចារកិច្ចរបស់ចិន ដែលតម្រូវឱ្យពួកគេសហការជាមួយចារកិច្ចចិន។
ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Hikvision បានធ្វើការបដិសេដ ដោយលើកឡើងថា ការនិយាយនេះចាត់ទុកក្រុមហ៊ុនរបស់ខ្លួនជាការគំរាមកំហែងសន្តិសុខជាតិ ខុសពីភាពជាក់ស្តែង ខណៈដែលក្រុមហ៊ុនមិនអាចលក់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage) ប្រព័ន្ធទិន្នន័យវីដេអូ ឬការគ្រប់គ្រងទិន្នន័យនៃអ្នកប្រើប្រាស់ចុងក្រោយរបស់អូស្ត្រាលីបានទេ។
អ្នកនាំពាក្យ បានបន្ថែមថា កាមេរ៉ារបស់ខ្លួន គឺគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់អូស្ត្រាលី និងស្របតាមការតម្រូវផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។
ដោយឡែក ចំពោះបញ្ហានេះដែរ ក្រុមហ៊ុន Dahua Technology នៅមិនទាន់មានការឆ្លើយតបនៅឡើយ។
មួយវិញទៀត អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងដែរថា ប្រទេសចិនសង្ឃឹមថាអូស្ត្រាលីនឹងផ្តល់យុត្តិធម៌មួយ ដោយគួរតែបង្ហាញនូវភាពមិនរើសអើងចំពោះសហគ្រាសចិន។
ដោយមិនខ្វល់ពីប្រតិកម្មរបសចិន លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានរក្សាជំហរដោយប្រកាន់ខ្ជាប់នូវហេតុផលការការពារអត្ថប្រយោជន៍របស់អូស្រ្តាលី និងបញ្ជាក់ថាបន្តធ្វើវាដោយតម្លាភាព។
គួរបញ្ជាក់ថា កន្លងមកកាលពីឆ្នាំ២០១៨ អូស្ត្រាលីក៏ធ្លាប់ហាមមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei ពីការប្រតិបត្តិការប្រព័ន្ធ 5G ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។
រូបភាពពីft
- Video Advertisement -