កម្ពុជាចេញវិធានការសំខាន់៤ និងបង្កើតAppថ្មី១ ដើម្បីការពារតំបន់ធម្មជាតិជាង៧លានហិកតា
ក្រសួងបរិស្ថាន កំពុងរៀបចំកម្មវិធី (App) តាមប្រពន្ធ័ស្មាតហ្វូន រួមជាមួយនិងការអនុវត្តន៍វិធានការសំខាន់៤ចំណុច ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងធានាដល់កិច្ចការការពារតំបន់ធនធានធម្មជាតិទាំងអស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ខណៈបច្ចប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេសទាំងមូល។
នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាទីស្តីការក្រសួងបរិស្ថាន កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ចំនួន ៤ចំណុច៖
ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។
ទី២.ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ
ទី៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
ទី៤.ការជំរុញ ការដាំស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។
ក្រៅពីវិធានការសំខាន់ទាំង៤ខាងលើ ក្រសួងបរិស្ថាន ក៏បាននិងកំពុងរៀបចំកម្មវិធី (App) ដែលប្រើប្រាស់តាមប្រពន្ធ័ស្មាតហ្វូន មានសមត្ថភាពគ្រប់គ្រងការការពារតំបន់ការពារធម្មជាតិ ដែលមានលក្ខណៈពិសេសអាចស្គាល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិបានលឿន ផ្តល់នូវភាពសុក្រឹត្យ ទៅដល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ គ្រប់ទីកន្លែង និងមិនត្រូវការប្រព័ន្ធអ៊ីនធឺណែត ជាពិសេស មិនចំណាយថវិកា និង ពេលវេលាបោះបង្គោលព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ និងថែរក្សា៕
ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ដើម្បីជួយពង្រឹងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនោះ ក្រសួងបានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្នុងនោះ៖ រដ្ឋបាលក្រុងស្រុកចំនួន១១១ មកពីខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន២១ ដើម្បីជួយពង្រឹងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគតផងដែរ។
- Video Advertisement -