កម្ពុជាជំរុញបណ្តុះកូនឈើឱ្យបាន ១លានដើមក្នុង១ឆ្នាំ និងបន្តឹងច្បាប់លើបទល្មើសព្រៃឈើឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រីក…
ក្រសួងបរិស្ថានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការកាប់ទន្ទ្រានព្រៃឈើ ខណៈកម្ពុជាកំពុងជំរុញការបណ្តុះកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។
នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់យុទ្ធនាការបណ្ដុះកូនឈើ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក៏មានការរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់នៅចំនួន៥ទីតាំង ដែលរួមមាន ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរីផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងពីការលួចទន្រ្ទានដីរដ្ឋ ដែលនេះជាទង្វើរមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់រានទន្រ្ទានព្រៃឈើ និងដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ខណៈរដ្ឋនឹងចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតសម្រាប់អ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិទាំងនោះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគី សហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេស ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ខណៈកន្លងមកក្រសួងក៏ធ្លាប់បង្ហាញពីផែនការបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ទៀតផងដែរ។ (អានបន្ថែម)
គួរបញ្ជាក់ថា ក្រសួង នឹងបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រជាពលរដ្ឋ ប្រជាសហគមន៍ ដែលបានមកទស្សនកិច្ចនៅតាមស្តង់កូនឈើ ពេញចិត្តប្រភេទកូនឈើអ្វី អាចទៅយកកូនឈើពីមន្ទីរបរិស្ថាន នៅតាមខេត្តដែលខ្លួនរស់នៅបាន ដោយមិនចំណាយថ្លៃដឹកជញ្ជូនពីភ្នំពេញទៅតាមខេត្តឡើយ៕
- Video Advertisement -