កម្ពុជាជំរុញប្រើបច្ចេកវិទ្យាទំនើបថែទាំផ្លូវជនបទ ខណៈបច្ចុប្បន្នមានប្រវែងជាង ៥ម៉ឺនគីឡូម៉ែត្រ
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តថែទាំផ្លូវជនបទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ខណៈបច្ចុប្បន្ន កម្ពុជាមានផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ។
នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញក្នុងការងារថែទាំ ជួសជុលផ្លូវជនបទដូចជា៖
- ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០%
- ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២
- ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់
- ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួមថែរក្សាពីសហគមន៍
- ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០.២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស។
ដោយឡែក ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តការងារក្នុងកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” សម្រេចបានប្រមាណ ៩៧% ផងដែរ។
- Video Advertisement -