រដ្ឋគ្រោងកែលម្អពង្រីកផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គបន្ថែមភ្ជាប់រាជធានីភ្នំពេញ និតក្រុងអរិយក្សត្រ
កិច្ចប្រជុំពិភាក្សាសេចក្តីព្រាងរបាយការណ៍ចុងក្រោយរវាងក្រសួងសាធារណការ និងអង្គការ JICA បង្ហាញពីផែនការពង្រីកផ្លូវប្រវែង ៥៣ គីឡូម៉ែត្រ និងការសាងសង់ស្ពាន Extradosed តភ្ជាប់ភ្នំពេញទៅតំបន់អរិយក្សត្រ
ក្នុងពេលដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងមានសន្ទុះយ៉ាងខ្លាំង កម្ពុជាបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រយ៉ាងប្រុងប្រយ័ត្នដើម្បីកែលម្អបណ្តាញដឹកជញ្ជូនសំខាន់ៗរបស់ខ្លួន។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ចុងក្រោយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្រោមអធិបតីភាពរបស់ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល និងភាគីពាក់ព័ន្ធជាច្រើនទៀត។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនេះមានគោលដៅបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូន និងសម្រួលការធ្វើចរាចរណ៍តាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលជាខ្នងបង្អែកសេដ្ឋកិច្ចដ៏សំខាន់។ ផែនការនេះគ្របដណ្តប់លើការប្រែក្លាយ និងពង្រីកផ្លូវជាតិលេខ១ ប្រវែងសរុប ៥៣ គីឡូម៉ែត្រ ពី ២ គន្លង ទៅជា ៦ គន្លង និង ៤ គន្លង ទៅតាមផ្នែកជាក់ស្តែង ព្រមទាំងការសាងសង់ផ្លូវអាកាសនៅតាមចំណុចប្រជុំជន និងផ្សារសំខាន់ៗដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។ បន្ថែមពីនេះ គម្រោងនេះរួមបញ្ចូលទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រភេទ Extradosed Bridge តភ្ជាប់រវាងរាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ស្របតាមបណ្តាញផ្លូវក្រវ៉ាត់ក្រុងទី២ ព្រមទាំងផ្លូវតភ្ជាប់សំខាន់ៗជាច្រើនទៀត។
នៅក្នុងអង្គប្រជុំ សមាជិកទាំងអស់បានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពបច្ចេកទេស ការដោះស្រាយផលប៉ះពាល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី និងផែនការអនុវត្តជាក់ស្តែង។ ភាគីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការសិក្សាយ៉ាងស៊ីជម្រៅរបស់ក្រុមការងារទីប្រឹក្សាបច្ចេកទេស JICA ដែលការបញ្ចប់របាយការណ៍នេះគឺជាជំហានដ៏មានសារៈសំខាន់ឈានទៅរកការអនុវត្តគម្រោងជាផ្លូវការ។ គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់អាស៊ាន តាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិ។
ជារួម ការជំរុញគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ និងការសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីនេះ មិនត្រឹមតែជាដំណោះស្រាយចំពោះការកើនឡើងនៃចរាចរណ៍ និងការអភិវឌ្ឍក្រុងភ្នំពេញ-អរិយក្សត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងគ្រឹះយ៉ាងរឹងមាំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការតភ្ជាប់តំបន់ប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -