ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី

ថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមហ៊ុន TP Moral Group និងក្រុមហ៊ុន OCIC ពិភាក្សាលើប្លង់បច្ចេកទេស និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបោះជំហានទៅមុខក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈការបើកកិច្ចប្រជុំកម្រិតខ្ពស់មួយដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងតំណាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក (TP Moral Group) ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការពិនិត្យយ៉ាងលម្អិត និងពិភាក្សាលើគម្រោងសិក្សា ការឌីហ្សាញប្លង់បច្ចេកទេស ព្រមទាំងការងារពាក់ព័ន្ធនានានៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងដើរតួជាខ្សែចម្លងយុទ្ធសាស្ត្រតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ក្រៅពីការពិភាក្សាលើរចនាសម្ព័ន្ធស្ពានឆ្លងទន្លេ ភាគីពាក់ព័ន្ធក៏បានជជែកពិភាក្សាលើការងារស្ថាបនាផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១ ផងដែរ ដែលនេះជាជំហានរៀបចំគ្រឹះបច្ចេកទេសយ៉ាងប្រុងប្រយ័ត្នដើម្បីធានាដល់ការតភ្ជាប់ប្រព័ន្ធគមនាគមន៍ឱ្យកាន់តែមានភាពល្អប្រសើរ។

យ៉ាងណាម៉ិញ ចំពោះតម្លៃសាងសង់ ពេលវេលាចាប់ផ្តើម និងប្រភពទុននៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយ។ ដោយឡែក គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) ចេញពី ផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ ស្ថិតក្នុងដំណាក់កាលសិក្សាប្លង់លម្អិតនៅឡើយ។ ស្ពាននេះត្រូវបានគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណកូរ៉េ ក្នុងតម្លៃ ២៣៥លានដុល្លារ និងបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

នៅពេលដែលស្ពានទាំងពីរនេះត្រូវបានសាងសង់ឡើង វានឹងក្លាយមធ្យោបាយសំបូរបែបក្នុងការតភ្ជាប់ទឹកដីភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលកាន់តែខិតជិតគ្នា។

 

រូបភាពបណ្តាញសង្គម៖ គោលបំណងសិក្សាស្វែងយល់

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ

  ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ហេដ្ឋារ […]