DFC ផ្តល់ហិរញ្ញប្បទាន ១០០លានដុល្លារ ជាផ្លូវការដល់ព្រលានយន្តហោះតេជោ និងបង្ហាញបំណងវិនិយោគលើកំពង់ផែភ្ជាប់នឹងព្រែកជីកតេជោហ្វូណន

ក្រុមហ៊ុន OCIC និងស្ថាប័នហិរញ្ញវត្ថុអាមេរិក បោះជំហានជាប្រវត្តិសាស្ត្រក្នុងការពង្រឹងវិស័យព័ស្តុភារកម្មពហុបំណង បន្ទាប់ពីអាកាសយានដ្ឋានទទួលបានពានរង្វាន់លំដាប់ពិភពលោកឆ្នាំ ២០២៦

នៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ព្រះរាជាណាក្រកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេ OCIC បានឈានទៅដល់ការចុះហត្ថលេខាលើលិខិតសម្តែងបំណងជាមួយសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ហៅកាត់ថា DFC សម្រាប់ការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រក្នុងទំហំទឹកប្រាក់រហូតដល់ ១០០ លានដុល្លារអាមេរិក។ កញ្ចប់ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមហ៊ុន OCIC និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយរបស់ DFC ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទិត្យ ពៅ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះគឺជាការចូលរួមវិនិយោគ និងជាដៃគូជាលើកដំបូងបង្អស់របស់ស្ថាប័ន DFC របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា ដែលវាបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃទំនុកចិត្តលំដាប់អន្តរជាតិមកលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

ការសម្រេចបាននូវកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ គឺស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ទើបតែត្រូវបានប្រកាសជាផ្លូវការដោយគណៈកម្មការ Prix Versailles ថាជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ ២០២៦។ ការទទួលបានពានរង្វាន់ស្ថាបត្យកម្មលំដាប់សកលមួយនេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ និងកិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញលំហូរវិនិយោគទុនពីបរទេស ព្រមទាំងជួយជម្រុញឱ្យស្ថាប័នហិរញ្ញវត្ថុធំៗដូចជា DFC របស់សហរដ្ឋអាមេរិកមានភាពជឿជាក់កាន់តែខ្លាំងក្នុងការបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។ លើសពី សហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង «បើកចំហជើងមេឃ» (Open Skies Agreement) ជាប្រវត្តិសាស្ត្រ ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់តភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការចរចាអស់រយៈពេលជាងមួយទសវត្សរ៍ ដែលវាបានបង្ហាញពីទំនុកចិត្តខ្ពស់របស់ សហរដ្ឋអាមេរិក មកលើកម្ពុជា។

ទន្ទឹមនឹងការគាំទ្រដល់វិស័យអាកាសចរណ៍ស៊ីវិល លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយរបស់ DFC ក៏បានបង្ហើបឱ្យដឹងផងដែរថា ភាគីសហរដ្ឋអាមេរិកកំពុងតែសិក្សាទៅតាមសំណើរបស់កម្ពុជា ដើម្បីស្វែងរកឱកាសយ៉ាងសកម្មក្នុងការចូលរួមវិនិយោគលើគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដែលតភ្ជាប់ទៅនឹងការអភិវឌ្ឍប្រព័ន្ធផ្លូវទឹកនៅក្នុងប្រទេសកម្ពុជា។ ផ្អែកលើការលើកឡើងរបស់តំណាងជាន់ខ្ពស់ DFC គោលបំណងយុទ្ធសាស្ត្រក្នុងការចូលរួមលើវិស័យដឹកជញ្ជូនផ្លូវទឹកនេះ រួមមានការធ្វើទំនើបកម្មកំពង់ផែដែលមានស្រាប់ ដោយការវាយតម្លៃ និងផ្តល់ហិរញ្ញប្បទានដើម្បីលើកកម្ពស់សមត្ថភាពកំពង់ផែចាស់ៗឱ្យមានលក្ខណៈស្តង់ដារ និងអាចទ្រទ្រង់ការដឹកជញ្ជូនទំនិញបានកាន់តែមមាញឹក ព្រមទាំងការសិក្សាទីតាំងយុទ្ធសាស្ត្រដើម្បីបង្កើតកំពង់ផែរណបថ្មីៗស្របពេលដែលកម្ពុជាកំពុងដំណើរការសាងសង់ព្រែកជីកតេជោហ្វូណន។

ការវិនិយោគរួមគ្នានេះមានគោលដៅវែងឆ្ងាយក្នុងការបង្កើតច្រករបៀងដឹកជញ្ជូនពហុបំណង ដោយការតភ្ជាប់បណ្តាញផ្លូវអាកាសតាមរយៈព្រលានយន្តហោះតេជោ ផ្លូវគោក និងផ្លូវទឹកតាមរយៈព្រែកជីកតេជោហ្វូណន និងកំពង់ផែបញ្ចូលគ្នា ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏មានឥទ្ធិពល និងទាក់ទាញមួយនៅក្នុងតំបន់។ ភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈស្ថាប័ន DFC នាពេលនេះ នឹងជួយកាត់បន្ថយថ្លៃដើមព័ស្តុភារកម្ម និងភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងជាសញ្ញាវិជ្ជមានបង្ហាញថា សហរដ្ឋអាមេរិកចង់ដើរតួជាដៃគូជម្រើសដំបូង និងល្អបំផុតសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងលើវិស័យដឹកជញ្ជូន ថាមពល ឌីជីថល និងសេវាកម្មហិរញ្ញវត្ថុ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹក […]

កម្ពុជានឹងប្រទេសចំនួន៥ទៀតរួមគ្នាជំរុញទំនើបកម្មវិស័យព័ស្តុភារកម្មក្នុងតំបន់អាស៊ាន

កម្ពុជាដឹកនាំគំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីធ្វើឱ្យខ្ស […]

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មថ្មីមួយ ទំហំ៤៩ហិចតា នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ ជួបជុំគ្នាដើម្បីបង្ហាញ […]

រដ្ឋាភិបាលប្រកាសបង្កើតកំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងជាផ្លូវការ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតកំពង់ផែពហុបំណងនិងមណ្ […]

ជប៉ុនពន្លឿនការរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ

ជំនួបរវាងក្រសួងសាធារណការ និងក្រុមជំនាញការជប៉ុន កំណត់សកម […]

ការបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ នឹងប្រែក្លាយកម្ពុជាជាក្បាលម៉ាស៊ីនថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់

ក្រសួងសាធារណការ និង IFC ជំរុញផែនការមជ្ឈមណ្ឌលព័ស្តុភារកម […]