កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ
ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហកម្មដែលមានការសម្របសម្រួលគ្នា ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
កម្ពុជា-វៀតណាម នឹងរួមគ្នាប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មរួមគ្នា ដើម្បីទៅរកគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារអាម៉េរិកនាពេលខាងមុខ។ នេះបើយោងតាម«វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងធុរជននៃប្រទេសទាំងពីរប្រមាណ ៣០០ នាក់។
វេទិកាធុរកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើន ដោយផ្តោតសំខាន់បន្តដំឡើងកម្រិតពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកគោលដៅ ២០ ប៊ីលានដុល្លារអាម៉េរិក តាមរយៈការរួមគ្នាប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មរួមគ្នា ជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍ជាដើម។
សូមជម្រាបដែរថា តាមរយៈវេទិកាខាងលើ កម្ពុជា-វៀតណាម ក៏មានការផ្លាស់ប្តូរវិញ្ញាបនបត្រ និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន ៣ ដើម្បីពង្រីកធុរកិច្ចទ្វេភាគី មាន៖ ១-ក្រសួងហិរញ្ញវត្ថុវៀតណាម ជាមួយក្រុមហ៊ុន Truong Hai Agriculture JSC (THACO AGRI), Truong Hai Group ២-ក្រុមហ៊ុន CAIC (ព្រលានយន្តហោះអន្តរជាតិតេជោ) ជាមួយក្រុមហ៊ុន Vietnam Airlines និង ៣-ក្រុមហ៊ុន Angkor Data Communication Group កម្ពុជា ជាមួយ Vietnam Posts and Telecommunications Group (VNPT) Group វៀតណាម៕ (អានបន្ថែម)

- Video Advertisement -