សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yukiharu KOBAYASHI ដើម្បីផ្លាស់ប្តូរចំណេះដឹង បំពេញការសិក្សាស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនជាតិ

រាជធានីភ្នំពេញ៖ ការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្មប្រកបដោយប្រសិទ្ធភាព និងបំពេញការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមរបៀងសេដ្ឋកិច្ចអាទិភាព បានប្រែជាសរសៃឈាមយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងតំបន់។ តាមរយៈកិច្ចប្រជុំនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ Tohoku ប្រទេសជប៉ុន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Yukiharu KOBAYASHI អតីតតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិតថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ស្តុភារកម្ម ក្រុមទីប្រឹក្សាគម្រោង SF-CLIP3 និងអ្នកជំនាញការ JICA ប្រចាំក្រសួង។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីផ្លាស់ប្តូរព័ត៌មាន និងការយល់ដឹងអំពី «គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា» (SF-CLIP/CLIP3) ដែលជាជំនួយបច្ចេកទេសគាំទ្រដោយទីភ្នាក់ងារ JICA។ ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានពិនិត្យមើលបច្ចុប្បន្នភាពនៃគោលនយោបាយព័ស្តុភារកម្ម បញ្ហាប្រឈមអាទិភាព និងការវាយតម្លៃលទ្ធផល និងផលប៉ះពាល់នៃការចូលរួមពីសំណាក់ប្រទេសជប៉ុន ធៀបនឹងដៃគូអភិវឌ្ឍន៍ដទៃទៀតនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃការអភិវឌ្ឍរបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridor) តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ស្ពានត្សឹបាសា (អ្នកលឿង) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលទទួលបានហិរញ្ញប្បទាន និងការវិនិយោគពីភាគីជប៉ុន។ លើសពីនេះ កិច្ចប្រជុំបានដោះស្រាយបញ្ហាកកស្ទះនៅច្រកទ្វារអន្តរជាតិបាវិត និងប៉ោយប៉ែត តាមរយៈការរៀបចំទីលានចតរថយន្ត មជ្ឈមណ្ឌលព័ស្តុភារកម្ម ការប្រើប្រាស់បច្ចេកវិទ្យា AI តាមដានចរាចរណ៍ ការបំពាក់កាមេរ៉ា និងការសម្រួលនីតិវិធីជម្រះបែបបទគយ និងការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ផងដែរ។

សរុបជារួម ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូសាកលវិទ្យាល័យ Tohoku គឺជាសក្ខីភាពនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍវិស័យភស្តុភារកម្ម។ ការដកស្រង់បទពិសោធន៍ និងការប្រែក្លាយរបៀងដឹកជញ្ជូនឱ្យទៅជារបៀងសេដ្ឋកិច្ចពេញលេញ នឹងបង្កើតជាកម្លាំងចលករដ៏រឹងមាំក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន សម្រួលដល់ពាណិជ្ជកម្មឆ្លងដែន និងទាក់ទាញលំហូរវិនិយោគទុនបរទេសមកកាន់កម្ពុជានាពេលអនាគត។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

កម្ពុជា-ចិន ចុះ MoU ប្តូរបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូន ព័ស្តុភារកម្ម និងការងារពិសោធន៍សំណង់

ក្រសួងសាធារណការកម្ពុជានិងក្រសួងដឹកជញ្ជូនចិន ចុះអនុស្សរណ […]

ក្រសួងសាធារណការ និង JICA ចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវជាតិលេខ៥ និងពង្រឹងគុណភាពសំណង់

ឯកឧត្តម ប៉េង ពោធិ៍នា ចង្អុលបង្ហាញឱ្យក្រុមការងារបច្ចេកទេ […]