ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាគុណភាព ភាពធន់ និងប្រសិទ្ធភាពសេដ្ឋកិច្ច–សង្គមក្នុងកិច្ចអភិវឌ្ឍន៍រយៈពេលវែង

ក្នុងគោលបំណងសម្របសម្រួលការអនុវត្តការងារស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយសារទឹកជំនន់ ក្រោមការចង្អុលបង្ហាញ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំពិភាក្សាការងារអន្តរក្រសួង ស្តីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីទាំងបីបានវាយតម្លៃថា ការប្រជុំនេះមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃពីទំហំនៃការខូចខាត កំណត់អាទិភាពនៃការស្តារឡើងវិញ និងរៀបចំផែនការសកម្មភាពឱ្យបានឆាប់រហ័ស ទាន់ពេលាលា ព្រមទាំងមានគុណភាពនិងភាពជាក់ស្តែង។ ឯកឧត្តម ឆាយ រិទ្ធិសែន បានគូសបញ្ជាក់ពីការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទាំងបីស្របតាមផែនការដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាព និងសហការគ្នារវាងប្រព័ន្ធអន្តរវិស័យ ឆ្ពោះទៅដល់ការលើកកម្ពស់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងដឹកជញ្ជូន។ ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានផ្តោតលើចំណុចសំខាន់ៗ ក្នុងការរៀបចំផែនការសាងសង់ដោយផ្អែកលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងការបង្កើនភាពធន់សេដ្ឋកិច្ច។

ជាលទ្ធផលនៃការពិភាក្សានេះ ក្រសួងទាំងបីបានសម្រេចឯកភាពគ្នាចំពោះវិធានការគន្លឹះចំនួនប្រាំមួយ ដើម្បីធានាប្រសិទ្ធភាពការងារ ដោយតម្រូវឱ្យការសិក្សាម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រត្រូវមានការចូលរួមសហការពីមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងទាំងបី ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់បំផុត។ ព្រមទាំងត្រូវរៀបចំផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅតាមតំបន់គោលដៅ និងតំបន់សេដ្ឋកិច្ចដើម្បីដាក់ស្នើទៅរាជរដ្ឋាភិបាល និងស្វែងរកប្រភពហិរញ្ញប្បទាន។ ភាគីទាំងបីក៏បានយល់ព្រមប្រើប្រាស់ទិន្នន័យឧតុនិយម និងធនធានទឹកឆ្នាំ២០២៦ ដើម្បីយកមកវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងមធ្យោបាយជួយដល់ថ្នាក់ក្រោមជាតិ ការបែងចែកភារកិច្ច និងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងការដ្ឋាន។

សូមជម្រាបជូនថា កិច្ចសហការអន្តរក្រសួងដ៏ជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ គឺជាគំរូយុទ្ធសាស្ត្រដ៏មានតម្លៃក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់។ ការបង្រួបបង្រួមទិន្នន័យបច្ចេកទេស ការរៀបចំផែនការអភិវឌ្ឍន៍ដោយចក្ខុវិស័យវែងឆ្ងាយ និងការចុះត្រួតពិនិត្យការដ្ឋានផ្ទាល់ នឹងធានាបាននូវការប្រើប្រាស់ធនធានថវិកាជាតិចំគោលដៅ ការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការពិភាក្សាលើវឌ្ឍនភាពគម្រោង «ខេមបូឌា ស៊ូភើផត» ជាមួយក្រុមហ៊ុន YCH Group លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ជំហានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ […]

គម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សម្រេចវឌ្ឍនភាពការងារបាន ៤០% ត្រឹមខែតុលា ឆ្នាំ២០២៦

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងដៃគូអភិ […]

ក្រសួងសាធារណការស្វាគមន៍តំណាងថ្មីរបស់ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំនាក់ទំនង និងជំរុ […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]