ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC
យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា
វិស័យព័ស្តុភារកម្ម និងសង្វាក់ផ្គត់ផ្គង់របស់កម្ពុជាត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មានភស្តុភារកម្មជាតិ (NLIC) និងការវាយតម្លៃតម្រូវការ កាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានព័ស្តុភារកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ តំណាងក្រសួងស្ថាប័នសំខាន់ៗ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កិច្ចប្រជុំបានផ្តោតគោលដៅសំខាន់ពីរគឺ ពិនិត្យពិភាក្សា និងកំណត់បន្ទាត់មូលដ្ឋាននិងចំណុចដៅនៃសូចនាករប្រតិបត្តិការព័ស្តុភារកម្ម (LPI 2.0) តាមវិស័យ ព្រមទាំងពិគ្រោះយោបល់លើទិន្នន័យនិងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មានព័ស្តុភារកម្មជាតិ (NLIC) និងការវាយតម្លៃតម្រូវការ។
ថ្លែងនៅក្នុងអង្គពិធីនោះ ឯកឧត្តម ហេង ណន បានគូសបញ្ជាក់យ៉ាងច្បាស់ថា មណ្ឌលព័ត៌មានព័ស្តុភារកម្មជាតិ (NLIC) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការធ្វើសេចក្តីសម្រេចចិត្ត និងគោលនយោបាយផ្អែកលើព័ស្តុតាង ដើម្បីលើកកម្ពស់សូចនាករព័ស្តុភារកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លទ្ធផលដែលបានពីកិច្ចពិភាក្សានេះ នឹងត្រូវយកមកប្រើប្រាស់ជាធាតុចូលដ៏មានតម្លៃសម្រាប់ការរៀបចំ និងដំណើរការ NLIC ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មុននឹងឈានទៅដល់ការពិនិត្យ និងសម្រេចដោយក្រុមប្រឹក្សាជាតិព័ស្តុភារកម្មកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហការ និងធាតុចូលដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍវិស័យនេះ ដែលរួមចំណែកយ៉ាងខ្លាំងក្លាដល់កំណើនសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទាំងក្នុងតំបន់ និងពិភពលោក។
តាមរយៈកិច្ចខិតខំប្រឹងប្រែងអន្តរក្រសួងក្នុងការកសាងមណ្ឌលព័ត៌មានព័ស្តុភារកម្មជាតិ (NLIC) ក្រោមការដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺបានបង្ហាញពីចក្ខុវិស័យដ៏មុតស្រួចក្នុងការទំនើបកម្មប្រព័ន្ធទិន្នន័យភស្តុភារកម្មរបស់ប្រទេសកម្ពុជា។ ការបង្រួបបង្រួមទិន្នន័យ និងការកំណត់សូចនាករច្បាស់លាស់ នឹងជួយពង្រឹងតម្លាភាព បង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ និងទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត ដែលជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -