ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល តាមរយៈអនុស្សរណៈជាមួយសាកលវិទ្យាល័យ Chongqing Jiaotong នៃប្រទេសចិន
យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះដឹងលើវិស័យដឹកជញ្ជូនឆ្លាតវៃ និងអភិវឌ្ឍន៍ចីរភាព
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអប់រំ និងការអភិវឌ្ឍធនធានមនុស្សរវាងកម្ពុជា និងប្រទេសចិនត្រូវបានបោះជំហានទៅមុខតាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chongqing Jiaotong University នាទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែន រដ្ឋា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តម ទេស តារារ័ត្ន អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលដៅយុទ្ធសាស្ត្រក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការអភិវឌ្ឍ និងកសាងធនធានមនុស្សសម្រាប់ក្រសួង និងសាកលវិទ្យាល័យឱ្យកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព។ ក្នុងថ្ងៃជាមួយគ្នានោះ ក៏មានការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «China-Cambodia Advance Program on Smart Transportation and Sustainable Development Cooperation» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលនូវចំណេះដឹង និងទស្សនវិស័យថ្មីៗពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធដឹកជញ្ជូន ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការបង្កើនប្រសិទ្ធភាពសេវាដឹកជញ្ជូន។
គួររំឭកផងដែរថា ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានសម្របសម្រួលចាត់បញ្ជូនមន្ត្រីជំនាញចំនួន ៨៥រូប មកពីគ្រប់អង្គភាពពាក់ព័ន្ធ ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Chongqing Jiaotong University រួចមកហើយ ព្រមទាំងមានផែនការបន្តបញ្ជូនមន្ត្រីទៅសិក្សារៀនសូត្រជាបន្តបន្ទាប់ទៀតនាពេលអនាគត។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការបន្តជំរុញកិច្ចការបណ្តុះបណ្តាលធនធានមនុស្សរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chongqing Jiaotong University គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពមន្ត្រីរាជការជំនាញ។ ការបំពាក់បំប៉នចំណេះដឹងផ្នែកដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើប នឹងជួយពង្រឹងមូលដ្ឋានគ្រឹះស្ថាប័នឱ្យកាន់តែរឹងមាំ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្មរបស់កម្ពុជាឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិប្រកបដោយចីរភាព។

- Video Advertisement -