ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»
ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ថាបត្យករក្នុងស្រុកដើម្បីប្រែក្លាយតំបន់យុទ្ធសាស្ត្រឱ្យទៅជាតំបន់រស់នៅដ៏ស៊ីវិល័យ
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានបង្ហាញពីមោទនភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ដែលត្រូវបានរៀបចំឡើង ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមប្រធានបទ «បេះដូងរាជធានី»។ ពិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអូស៊ីអាយស៊ី និង លោក ហុក កាំង នាយកប្រតិបត្តិក្រុមហ៊ុន ISI Land។
គម្រោងប្រកួតប្រជែងស្នាដៃរចនានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏មុតស្រួចដើម្បីលើកកម្ពស់សោភ័ណភាព អត្តសញ្ញាណស្ថាបត្យកម្ម និងតម្លៃបៃតងនៅតំបន់ទីក្រុងនរា និងកោះពេជ្រ ក្នុងគោលដៅរួមចំណែកយ៉ាងសកម្មដល់ការសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយតំបន់អភិវឌ្ឍន៍យុទ្ធសាស្ត្រនេះឱ្យទៅជា «បេះដូងរាជធានី»។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏បានផ្តល់នូវឱកាសមាសដល់ស្ថាបត្យករ និងអ្នករៀបចំផែនការទីក្រុងខ្មែរក្នុងការបង្ហាញសមត្ថភាពច្នៃប្រឌិត ការផ្លាស់ប្តូរទស្សនៈយល់ឃើញ និងការចូលរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍលំហសាធារណៈឱ្យកាន់តែមានភាពទាក់ទាញ និងឆ្លើយតបចំតម្រូវការសង្គម។
តាមរយៈគំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ ក្រុមហ៊ុនអូស៊ីអាយស៊ីបានបន្តពង្រឹងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក ការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ និងការជំរុញវឌ្ឍនភាពនៃការអភិវឌ្ឍទីក្រុងនៅកម្ពុជាឱ្យឈានដល់កម្រិតស្តង់ដារថ្មីមួយទៀត។
ការរៀបចំការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមភាពជាដៃគារវាងរដ្ឋ និងវិស័យឯកជន គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកំណត់ទម្រង់ស្ថាបត្យកម្មទីក្រុងភ្នំពេញឱ្យមានភាពស៊ីវិល័យ និងប្រកបដោយចីរភាព។ ការផ្តល់ឱកាសដល់អ្នកជំនាញក្នុងស្រុកក្នុងការបញ្ចេញគំនិតច្នៃប្រឌិត មិនត្រឹមតែជួយលើកកម្ពស់គុណភាពលំហសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសង្គមដ៏រស់រវើកដែលផ្តល់ផលប្រយោជន៍រយៈពេលវែងជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ (អានបន្ថែម)


- Video Advertisement -