កម្ពុជាត្រូវការថាមពល៤៥%ប្រើក្នុងវិស័យសំណង់ ខណៈUNDPបានផ្តល់អនុសាសន៍សន្សំសំចៃ
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានផ្តល់ជាអនុសាសន៍ក្នុងការសន្សំសំចៃថាមពលក្នុងវិស័យសំណង់អគារតាមរយៈយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិមួយចំនួន ខណៈវិស័យនេះនៅកម្ពុជាត្រូវការប្រើប្រាស់ថាមពលប្រមាណ ៤៥% នៃតម្រូវការថាមពលបឋមសរុបរបស់ជាតិ។
UNDP បានជួយគាំទ្រដល់ការបង្កើតក្រមប្រសិទ្ធិភាពថាមពលសម្រាប់សំណង់អគារ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបញ្ចេញកាបូនទាប និងធន់នឹងអាការធាតុនៅក្នុងវិស័យសំណង់អគារ ព្រមទាំងលក្ខខណ្ឌ និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការអភិវឌ្ឍដែលបញ្ចេញកាបូនទាប។
ក្នុងនោះ UNDP បានផ្តល់ជាអនុសាសន៍ក្នុងការសន្សំសំចៃថាមពល ក្នុងវិស័យសំណង់អគាររួមមាន៖
-ការសិក្សាគម្រោងប្លង់សំណង់អគារដែលមានយុទ្ធសាស្ត្រដាក់បង្អួចដែលកំណត់បរិមាណកំដៅចូលទៅក្នុងអគារ
-ការរចនាប្លង់សំណង់អគារដែលធ្វើឱ្យមានពន្លឺធម្មជាតិចេញចូលបាន
-ពណ៌នៃផ្នែកខាងក្រៅនៃអគារ ដើម្បីកាត់បន្ថយការស្រូបកម្តៅ
-ការប្រើដំបូលសម្រាប់ទាញយកថាមពលពីពន្លឺព្រះអាទិត្យ
-ការគ្រប់គ្រងដោយស្វ័យប្រវត្តិ ដើម្បីកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅពេលគ្មានវត្តមានមនុស្សនៅ
-អគារដែលអាចកាត់បន្ថយការបាត់បង់ភាពត្រជាក់
-និងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ទាក់ទងនឹងប្រសិទ្ធភាពថាមពល។
ជាមួយគ្នានេះផងដែរ ការអនុវត្តដំណោះស្រាយប្រសិទ្ធភាពថាមពលនៅក្នុងអគារ តាមរយៈការសិក្សាគម្រោងប្លង់ ការច្នៃប្រឌិត ការប្រើប្រាស់ត្រឹមត្រូវ និងការគ្រប់គ្រងថាមពល គឺជាការវិនិយោគល្អឥតខ្ចោះមួយដែលសមនឹងតម្លៃ ដែលនាំឱ្យមានការកាត់បន្ថយការប្រើប្រាស់ថាមពល និងចំណាយ។
ការបង្កើនប្រសិទ្ធភាពថាមពលទូទាំងប្រទេស នឹងផ្តល់ជាអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច ដែលធ្វើបានតាមរយៈការពង្រីកថាមពលកកើតឡើងវិញផងដែរ។
បើតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២ បានឱ្យដឹងថា គោលនយោបាយនេះ នឹងនាំមកនូវប្រសិទ្ធភាពថាមពលតាមរយៈវិស័យផ្សេងក្នុងសេដ្ឋកិច្ច និងការពង្រឹងសុវត្ថិភាមពល ឱ្យដូចគ្នាទៅនឹង ១ឯកតានៃការសន្សំអគ្គិសនីស្មើនឹង ១ឯកតានៃការបង្កើតអគ្គិសនី។
មួយវិញទៀត គេត្រូវការថវិកាប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគដោយប្រើប្រាស់វិធានការប្រសិទ្ធភាពថាមពល ដែលអាចសន្សំថាមពលបានរហូតដល់ទៅ ១២.៥០ថេរ៉ាវ៉ាត់ម៉ោង (1TWh = 1Mwh) ត្រឹមឆ្នាំ២០៣០។
ថ្មីៗនេះដែរ មានការបញ្ជាក់មួយបានបង្ហាញថា កម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ ៥០០លានដុល្លារ រហូតដល់ជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នំា នៅឆ្នំា២០៥០ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្សមួយចំនួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ (អានបន្ថែម)
- Video Advertisement -