កម្ពុជា និង UNESCO ប្តេជ្ញារួមគ្នាពង្រឹងការងារអភិរក្សប្រភពទឹកក្រោមដីនៅតំបន់ដីសណ្ដទន្លេមេគង្គ
ក្រសួងបរិស្ថាន និងអង្គការយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សប្រភពទឹកក្រោមដី និងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Sardar Umar Alam បានឱ្យដឹងថា ជំនួបនេះ គឺផ្តោតពិភាក្សាលើគម្រោង CMDA (Cambodia – Mekong River Delta Aquifer) ដែលជាគម្រោងគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពទឹកក្រោមដីរួមគ្នារវាងកម្ពុជា និងវៀតណាម នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ លោកបន្តថា គម្រោងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងជលប្រភពក្រោមដី តាមរយៈការពង្រឹងការបំពេញបន្ថែមទឹកក្រោមដីឆ្លងដែន និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបន្តថា គម្រោង CMDA ទទួលបានមូលនិធិពី GEF (មូលនិធិបរិស្ថានសកល) អនុវត្តដោយ FAO (អង្គការស្បៀងអាហារ និងកសិកម្ម) និងដំណើរការដោយ IUCN (សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ) ដោយមាន UNESCO (អង្គការយូណេស្កូ) ក្នុងភាពជាដៃគូ។
ជុំវិញរឿងនេះ ឯកឧត្តម អ៊ាង សុផល្លែត ថាក្រសួងត្រៀមខ្លួន ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UNESCO និងដៃគូពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងនេះ ដោយផ្តោតលើការធ្វើផែនទី និងវាយតម្លៃអត្រាថយចុះនៃធនធានទឹកក្រោមដី ដើម្បីធានានិរន្តរភាពទឹកនៅកម្ពុជាសម្រាប់ពេលអនាគត។
ក្រៅពីនេះ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រចិញ្ចឹមឃ្មុំជាតិ ដែលមានគោលដៅជំរុញការផលិតទឹកឃ្មុំក្នុងស្រុក និងការលើកកម្ពស់ជីវភាពសហគមក្នុងតំបន់ការពារ ខណៈ ក្រសួងបានសង្កត់ធ្ងន់លើការផលិតជាចម្បង និងការធ្វើឱ្យសហគមន៍មានភាពជាម្ចាស់លើផលិតផលទាំងនោះ ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាព។
កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារធនធានទឹកដ៏មានតម្លៃរបស់កម្ពុជា និងគាំទ្រសហគមន៍មូលដ្ឋានតាមរយៈការអនុវត្តប្រកបដោយនិរន្តរភាព៕
- Video Advertisement -