កម្ពុជា និងUNIDO សហការគ្នាជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង
អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។
គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។
កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។
UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។
បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។
ទីប្រឹក្សានឹងសិក្សាតំបន់សេដ្ឋកិច្ចពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។
គម្រោងសាកល្បង ដែលនឹងមានរយៈពេលមួយឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។
លោកសុខ ណារិនបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវិនិយោគិន និងអ្នកអភិវឌ្ឍន៍សក្តានុពល ក្នុងការរួមចំណែកដល់ជោគជ័យនៃសួនឧស្សាហកម្មបៃតងនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការជ្រើសរើសទីតាំងជាយុទ្ធសាស្រ្តនៃតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គម្រោងសាកល្បងនេះ គួរផ្អែកលើឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោង។
- Video Advertisement -