កូរ៉េ និងជប៉ុនចេញមុខដឹកនាំប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបនឹងវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក

ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរយុទ្ធសាស្ត្រតំបន់ដ៏សំខាន់មួយ ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចេញមុខដឹកនាំ បង្កើតអន្តរបណ្តាញថ្មីមួយដើម្បីឆ្លើយតបនឹងវិបត្តិសាកល ក្រោមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នេះបើយោងតាម Asia.nikkei ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។​

ក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីខែកក្កដា បណ្តាញអន្តរជាតិនេះ មានគោលបំណងធានាថា ប្រទេសជាសមាជិកនៃបណ្តាញនេះ នឹងរក្សាលទ្ធភាពទទួលបានការផ្គត់ផ្គង់ទំនិញសំខាន់ៗក្នុងអំឡុងពេលមានអាសន្ន ដោយមានកូរ៉េខាងត្បូងជាប្រធាន និងប្រទេសជប៉ុនជាអនុប្រធាន។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសជាសមាជិកក្នុងការធ្វើយ៉ាងណាឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងអាចកោះប្រជុំបន្ទាន់ ក្នុងរយៈពេលតែ ១៥ថ្ងៃ ប្រសិនណាបើមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ឬការវាយប្រហារតាមអ៊ីនធើណិតណាមួយ។

មុខងារចម្បងរបស់បណ្តាញអន្តរជាតិនេះ គឺដើម្បីឱ្យប្រទេសជាសមាជិក IPEF ទាំង ១៤ ចែករំលែកព័ត៌មានសំខាន់ៗអំពីសារពើភ័ណ្ឌ និងសម្របសម្រួលការចែកចាយទំនិញសំខាន់ៗដូចជា ឧបករណ៍អេឡិចត្រូនិក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសារធាតុរ៉ែសំខាន់ៗ ក្នុងករណីមានការខ្វះខាត។ កិច្ចសហការនេះ នឹងការពារការទិញ និងការស្តុកទុកដោយហេតុការណ៍ភ័យស្លន់ស្លោណាមួយ ដោយប្រទេសជាសមាជិកនឹងជួយសម្រួលដល់ការចែករំលែកស្តុក និងស្វែងរកផ្លូវផ្គត់ផ្គង់ជំនួសឱ្យផ្លូវផ្គត់ផ្គង់ចាស់ ក្នុងចំណោមប្រទេសជាដៃគូ​ប្រសិនណាបើជួបគ្រោះអាសន្ន។ ក្របខណ្ឌ IPEF នេះ ក៏គ្រោងនឹងធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិជាយថាហេតុ រួមទាំងការផ្តល់ការលើកលែងការត្រួតពិនិត្យតាមច្រកព្រំដែនលើការនាំចេញក្នុងអំឡុងពេលមានអាសន្នថែមទៀតផង។

គំនិតផ្តួចផ្តើមឆ្លើយតបនឹងវិបត្តិនេះ ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយសារការដកស្រង់មេរៀនពីការរំខានកន្លងមក ដូចជាកង្វះការផ្គត់ផ្គត់ផលិតផលអ៊ុយរា (Urea) របស់កូរ៉េខាងត្បូងឆ្នាំ ២០២១ ដែលបានជំរុញប្រទេសជាប់ផលប្រយោជន៍ធ្វើការវាយតម្លៃឡើងវិញអំពីខ្សែច្រវាក់ផ្គត់ផ្គង់ដែលពឹងផ្អែកតែលើប្រទេសចិន។ បទពិសោធន៍នេះ រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងខ្សែច្រវាក់ផ្គត់ផ្គង់។

គួររំលឹកថា ក្របខណ្ឌ IPEF នេះ ដើមដំបូងបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ក្នុងឆ្នាំ ២០២២ តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ភាពជាដៃគូនេះ រួមមានតួអង្គសំខាន់ៗដូចជា អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា ហ្វីជី និងប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ លើកលែងប្រទេសអាស៊ានបី គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

ថ្វីបើមានភាពតានតឹងកន្លងមកលើបញ្ហាផ្គត់ផ្គង់សម្ភារៈបន្ទះឈីប semiconductor ក៏ដោយ ក៏ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងជឿជាក់ថា ចំណេះដឹងលើផ្នែកផលិតបន្ទះឈីបដែលទើបនឹងទទួលបានដោយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការពង្រឹងកិច្ចព្រមព្រៀងនេះ។

លោក Sim Jin-su អគ្គនាយកផ្នែកយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបាននិយាយថា “ទោះបីជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានការប្រឈមមុខដាក់គ្នាលើបញ្ហាសម្ភារៈ semiconductor ក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរលើបញ្ហាមានភាពធូរស្រាលច្រើន នៅក្រោមរដ្ឋបាលថ្មីបច្ចុប្បន្ន”

តាមពិតទៅ ក្របខណ្ឌបណ្តាញអន្តរជាតិ IPEF នេះ មិនមែនជារឿងដែលថ្មីស្រឡាងពេកនោះទេសម្រាប់បរិបទសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច ពីព្រោះអតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់ថា ក្របខណ្ឌ IPEF នេះ តាមពិតទៅគឺជាក្របខណ្ឌកិច្ចសហការចាស់ ដែលមានឈ្មោះថា ភាពជាដៃគូអន្តរប៉ាស៊ីហ្វិច (TPP) ដែលកាលពីលោកធ្វើជាប្រធានាធីបតី លោក ត្រាំ បានដកប្រទេសអាមេរិកចេញពីសមាជិកភាព IPEF នេះ ប៉ុន្តែត្រូវបានលោកប្រធានាធិបតី ចូ បៃឌិន​ ដាក់បញ្ចូលវិញ​។  ទោះយ៉ាងណាក្តី លោកត្រាំ​ បានប្រកាសថា លោកនឹងដកអាមេរិកចេញវិញម្តងទៀត ប្រសិនណាបើលោកជាប់ឆ្នោតម្តងទៀត។

“ទោះបីជាខ្វះការចូលរួមរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការនេះ នៅតែមានប្រសិទ្ធភាព និងមានសារៈសំខាន់។ TPP នៅតែបន្តដំណើរការ” នេះជាការអះអាងរបស់លោក Sim Jin-su ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រទេសដែលមានសេដ្ឋកិច្ចធំៗជាសមាជិកថា “គឺសមាជិកក្រុមដែលមានអំណាចផ្នែកផលិត រួមមានដូចជា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាមួយ ប្រទេសដែលសម្បូរធនធានដូចជាប្រទេសអូស្ត្រាលីហ្នឹងផ្ទាល់តែម្តង ដែលឥទ្ធិពលក្នុងការបន្តភាពជាដៃគូនេះ។”

សកម្មភាពរបស់កូរ៉េខាងត្បូងក្នុងការចេញមុខចេញមាត់ធ្វើជាប្រធានគំនិតផ្តួចផ្តើមថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសមិនមែនមហាអំណាច ក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការធានានូវភាពធន់ក្នុងការប្រឈមមុខនឹងវិបត្តិនាពេលអនាគត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]