កំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ
កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
កំពង់ផែថ្មីនេះ ត្រូវបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។
ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្តរជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះកុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង។
តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖
១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ កិច្ចសហប្រតិបត្តិការទៅ វិញទៅមក ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
២. ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅ ក្នុងកំពង់ផែពាណិជ្ជកម្ម ភស្តុភារ និងផ្នែកពាក់ព័ន្ធ ផ្សេងទៀត។
៣. ភាគីទាំងពីរនឹងធ្វើពាណិជ្ជកម្មរួមគ្នាផ្នែកកសិកម្ម នៅពេលកំពង់ផែនេះត្រូវបានដាក់ឱ្យ ដំណើរការដោយបញ្ចូនផលកសិកម្មទៅប្រទេសចិនឡើងតាមកំពង់ផែលានយើងកាំង ដោយផ្ទាល់។
៤. ភាគីខេត្តកោះកុង បានស្នើសុំភាគីចិន ជួយស្វែងរកទីផ្សារលើវិស័យកសិកម្ម និងពង្រឹង ទីផ្សារ ឱ្យមានភាពនឹងនរ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាកសិករខេត្តកោះកុង ក៏ដូចជាខេត្តផ្សេងទៀតក្នុងការធ្វើកសិកម្ម។
- Video Advertisement -