ក្នុងឆ្នាំ២០២៤ វិស័យស្រូវអង្ករជួយកម្ពុជារកចំណូលបានជិត ២ពាន់លានដុល្លារ
វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យនេះ។
របាយការណ៍នេះ បានបង្ហាញឡើងនៅក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
តាមរយៈកម្មពិធីនេះ បានឱ្យដឹងថា រយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគដោយបាននាំចេញអង្ករចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១លានតោន ក្នុងឆ្នាំ២០២៤ ដែលផ្តល់ចំណូលសរុបចំនួនជាង ១.៩៨៧លានដុល្លារ។
ជាការកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យស្រូវអង្ករកម្ពុជា បានទាក់ទាញការវិនិយោគពីវិនិយោគិនក្នុង និងក្រៅប្រទេសយ៉ាងខ្លាំង ដោយចំនួនរោងម៉ាស៊ីនកិនស្រូវបានកើនពីចំនួនមិនដល់ ១០ទីតាំង ឡើងដល់ជាង ៨០ទីតាំង ដោយមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោកថែមទៀតផង។ ការប្រែក្លាយនេះបានដាក់ប្រទេសកម្ពុជាជាតួអង្គដ៏សំខាន់ក្នុងទីផ្សារស្រូវ-អង្ករពិភពលោក។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធផលដ៏ល្អរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងរយៈពេល ១០ឆ្នាំនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងក្រោមគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងការនាំចេញអង្ករ។ ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា ក្រោយព្រែកជីកហ្វូណនតេជោ បានសាងសង់រួច នឹងជួយសម្រួលដល់ការដឹកជញ្ជូន ពិសេសជំរុញពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានជាអាទិ៍ផលិតផលស្រូវអង្ករកម្ពុជាបន្ថែមទៀត។
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ (អានបន្ថែម)
វឌ្ឍនភាពដ៏លេចធ្លោក្នុងវិស័យស្រូវអង្ករនេះមិនត្រឹមតែបង្ហាញពីសក្តានុពលកសិកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចផងដែរ។
- Video Advertisement -