ក្រុមហ៊ុនចិនត្រូវការកម្មករបន្ថែម ៦ពាន់កន្លែង សម្រាប់គម្រោងទី២ក្នុងខេត្តកំពង់ស្ពឺ ក្រោយជោគជ័យនៅខេត្តកណ្តាល
ក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ជាក្រុមហ៊ុនចិន ដែលកំពុងផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ នៅប្រទេសកម្ពុជា បានប្រកាសស្វែងរកកម្លាំងពលកម្មបន្ថែមចំនួន ៦ពាន់កន្លែង ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្មសម្រាប់រោងចក្រទី២របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ក្រោយទទួលបានជោគជ័យលើការវិនិយោគរោងចក្រទី១ ក្នុងខេត្តកណ្តាល ។
ជាការឆ្លើយតប ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយដោយជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បន្ថែមលើមធ្យោបាយរបស់ខ្លួន នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងអំណរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។ តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដាអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា រោងចក្រទី១របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រជូនដល់ក្រុមហ៊ុន ក្រោមទុនវិនិយោគប្រមាណ ៧,៣លានដុល្លារ និងបង្កើតការងារបានចំនួន ៩៣៧កន្លែង។ ចំណែកគម្រោងថ្មីនេះ ជាគម្រោងទី២ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខឆាប់ៗនេះ។
កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ដោយសារកំណើនរោងចក្រថ្មីៗជាច្រើន ខេត្តកំពង់ស្ពឺមានតម្រូវការកម្លាំងពលកម្មចំនួនប្រមាណ ៤ពាន់នាក់បន្ថាន់បន្ថែមទៀត ខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសការងារប្រមាណ ១ម៉ឺន ៧ពាន់កន្លែងបន្ថែមទៀត៕ (អានបន្ថែម)
- Video Advertisement -