ក្រុមហ៊ុនប្រេងដ៏ល្បីរបស់ថៃ គ្រោងវិនិយោគ ១០០លានដុល្លារ បង្កើតឃ្លាំងស្តុកប្រេង នៅកម្ពុជា
ប្រធាន និងជានាយកប្រតិបត្តិ លោក Disathat Panyarachun មានប្រសាសន៍ថា ក្រុមហ៊ុន SET-List PTT oil and Retail (OR) ដែលជាក្រុមហ៊ុនប្រេងសាំងដ៏ល្បីនៅប្រទេសថៃ គ្រោងនឹងបោះទុនប្រមាណ ១០០ លានដុល្លារ ដើម្បីបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនៅកម្ពុជា។
លោក Disathat បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន កាលពីខែកក្កដា ឆ្នាំ២០២២ ជាមួយក្រុមហ៊ុន Cambodia Airport Investment Co ដែលជាអ្នកទទួលសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនេះ គឺដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយការងើបឡើងវិញពីជំងឺរាតត្បាត ម្យ៉ាងទៀត វាក៏ស្របជាមួយនឹងផែនការរបស់ក្រុមហ៊ុន ដែលធ្លាប់បានប្រកាសពីការបោះទុនជាង ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសផងដែរ។ (អានបន្ថែម)
កាលពី២០២១ ក្រុមហុនOR និងក្រុមហ៊ុន China National Aviation Fuel International Holdings និង Total Energies Marketing (Cambodia) បានបង្កើតក្រុមហ៊ុនរួមគ្នាមួយមានឈ្មោះថា Phnom Penh Aviation Fuel Servicw Co ដើម្បីដំណើរការអាជីវកម្មផ្គត់ផ្គង់ប្រេងឱ្យយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។
លោក Disathat បានបន្តថា បច្ចុប្បន្នស្ថានីយប្រេងនេះ សាងសង់សម្រេចបាន ៨០% ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ។
ក្រុមហ៊ុន OR ក៏កំពុងពិចារណាផ្គត់ផ្គង់ឧស្ម័នប្រេងសន្ទនីយ៍ LPG (liquefied petroleum gas) ដល់វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជាថែមទៀត ប៉ុន្តែផែនការនេះមិនទាន់អនុម័តនៅឡើយទេ។
គួររំលឹកថា ក្រុមហ៊ុនបាននិងកំពុងបន្តពង្រីកស្ថានីយប្រេងរបស់ខ្លួនជាបន្តបន្ទាប់ ខណៈឥឡូវនេះក្រុមហ៊ុនមានស្ថានីយរហូតដល់១៧០ នៅទូទាំងប្រទេសកម្ពុជា ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន OR បានប្រកាសមុននេះបន្តិចថា ខ្លួនបានសហការជាមួយ K-Nex Corporation ដែលជាក្រុមហ៊ុនលក់ម៉ាស៊ីនបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដែលនឹងទទួលបានសិទ្ធិផ្តាច់មុខក្រោមម៉ាកយីហោ Otteri Wash & Dry ដើម្បីបើកសេវាកម្មបោកអ៊ុត ក្នុងប្រទេសកម្ពុជាថែមទៀតផង៕
- Video Advertisement -