ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន ប្រឈមនឹងការកំណត់ឱ្យទូទាត់ កម្ចីជាង $២០០លាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។
ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង “ជំទាស់” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងពាក្យពណ្តឹងនេះ ហើយលោកនឹងនៅតែបន្តផែនការដែលបានស្នើឡើងកន្លងមកក្នុងការរៀបចំទម្រង់ហិរញ្ញវត្ថុឡើងវិញសម្រាប់បំណុលនៅក្រៅប្រទេសទាំងអស់ដែលមានតម្លៃប្រហែល ១១,៧ ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយទំហំបំណុលក្រៅប្រទេសនេះឱ្យបានចំនួន ៦០ភាគរយ។
“ក្រុមហ៊ុនយើងមានទស្សនៈថា បណ្តឹងឱ្យទូទាត់សំណង (ដោយធនាគារ China Construction Bank) នេះ មិនតំណាងឱ្យផលប្រយោជន៍រួមរបស់ម្ចាស់បំណុលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ” លោក Shimao បញ្ជាក់ ។
ទាក់ទងនឹងបញ្ហាខាងលើនេះ ធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។
បណ្តឹងទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុនេះ ត្រូវបានកើតឡើងបន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះ ដែលម្ចាស់បំណុលបានប្តឹងចំពោះក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស២ផ្សេងទៀតគឺ China Evergrande Group និង Country Garden ដែលទើបនឹងក្ស័យធនកាលពីពេលកន្លងទៅថ្មីៗនេះ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិនមានវិបត្តិចាប់តាំងពីឆ្នាំ ២០២១ បន្ទាប់ពីការអនុវត្ត បទប្បញ្ញត្តិបង្រ្កាបលើករណីកម្ចីធុរកិច្ចគ្មានដើមទុន (Leverage) ដែលមានកម្រិតខ្ពស់ពេក ក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានបង្កឱ្យមានវិបត្តិការដកសាច់ប្រាក់នៅក្នុងចរន្តទីផ្សារ។ ចំពោះមុខស្ថានការណ៍នេះ អាជ្ញាធរចិនដីគោក មិនបានដាក់ចេញនូវវិធានការជំរុញក្នុងទ្រង់ទ្រាយធំ ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍ទេ ផ្ទុយទៅវិញបែរជាសម្រេចអនុវត្តវិធានការសន្សឹមៗ ហាក់ដូចជាមានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងគោលបំណងធ្វើឱ្យវិស័យនេះរស់ឡើងវិញក្នុងរយៈពេលវែង៕
- Video Advertisement -