ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងសហការជាមួយក្រុមហ៊ុនសិង្ហបុរី អភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយកាបូន
តំណាងវិស័យឯកជនធំៗពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP)របស់កម្ពុជា និងក្រុមហ៊ុន TotalEnergies របស់សិង្ហបុរី ដែលជាក្រុមហ៊ុនលក់ និងផលិតថាមពលចម្រុះរបស់បារាំង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគម្រោងប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់គំនិតផ្តួចផ្តើមការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នេះបើយោងថាទំព័រហ្វែសបុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣។
ពិធីចុះហត្ថលេខាដែលបានធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies។
កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ ត្រូវបានគេមើលឃើញថា នឹងដើរតួជាគំរូដ៏ល្អមួយសម្រាប់វិស័យឯកជន ដែលងាកមកគិតគូរលើវិស័យថាមពលកកើតឡើងវិញ និងការប្រែប្រួលអាកាសធាតុ ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រដ្ឋាភិបាល និងគោលដៅអភិវឌ្ឍសាកល។
ថ្លែងនៅក្នុងឱកាសនោះ លោក Ting Wee LIANG បានលើកឡើងថា “ក្នុងនាមជាក្រុមហ៊ុនថាមពលផ្នែកពហុថាមពលសកល យើងប្តេជ្ញាអភិវឌ្ឍគម្រោងកកើតឡើងវិញថ្មី និងគម្រោងរកបានប្រាក់ចំណេញនៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជួយគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់ប្រទេស។ យើងបានបម្រើប្រជាជនកម្ពុជាតាំងពីឆ្នាំ ១៩៩៣ តាមរយៈបណ្តាញស្ថានីយ៍សេវាកម្មរបស់យើង រួមមានប្រភេទថាមពលប្រេងរំអិល និងឥន្ធនៈអាកាសចរណ៍។”លោកបន្ថែមថា “ចាប់តាំងពីឆ្នាំ ២០២១ រៀងមក យើងបានដំណើរការគម្រោងថាមពលពន្លឺព្រះអាទិត្យ ៧៤MWp នៅក្នុងខេត្តបាត់ដំបងផងដែរ។”
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសម្តែងចំណាប់អារម្មណ៍ថា “ថ្ងៃនេះ ខ្ញុំមានសោមនស្សក្នុងការឈ្វេងយល់អំពីគម្រោងថាមពលប្រកបដោយនិរន្តរភាពជាមួយក្រុមហ៊ុន TotalEnergies។ យើងត្រៀមខ្លួនធ្វើជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លា ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពប្រតិបត្តិរួមគ្នារបស់យើង។”
អ្នកឧកញ៉ាបន្តថា “ខ្ញុំជឿជាក់ថាកិច្ចសហការនេះគឺមានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់គម្រោងកកើតឡើងវិញដ៏ល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តការផ្លាស់ប្តូរថាមពលរបស់ប្រទេសជាតិ និងគោលដៅបរិស្ថាន។ ខ្ញុំរំពឹងថាយើងនឹងទទួលបានជោគជ័យរួមគ្នាជាច្រើននៅពេលខាងមុខឆាប់ៗនេះ។”
គួររំលឹកថា កាលពីវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនៅកម្ពុជា ទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខមួយផ្សេងទៀត ជាមួយក្រុមហ៊ុន Keppel Energy (KE) របស់ប្រទេសសិង្ហបុរី ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា៕
- Video Advertisement -