គម្រោងពង្រីកប្រព័ន្ធទឹកស្អាតតម្លៃ ២២លានដុល្លារ នៅពោធិ៍សាត់សម្រេចបានជាង ៦៤ភាគរយ
រហូតដល់ពេលនេះ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ ដែលមានតម្លៃជាង ២២លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
គម្រោងនេះស្ថិតក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណជិត២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន។ គម្រោងនេះស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ខាងមុខ។
គម្រោងនេះ រួមមាន ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ (សម្រេចបាន៧៨.២%)។ ជារួម ការសាងសង់គម្រោងទាំងមូលសម្រេចបាន៦៤.៦%ហើយ។
ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ គេរំពឹងថានៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% (១១០.៥៣១នាក់) និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន៦៧.៩% នៃចំនួនប្រជាជនសរុប (១១០.៥៣១ នាក់) នឹងទទួលបានទឹកស្អាត ធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយស្ថេរភាព និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋ៕
- Video Advertisement -