គម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រប្រវែងជាង ២០គ.ម នៅស្វាយរៀង​ សម្រេចបាន ២០% ហើយ

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ប្រវែងជាង ២០ គ.ម ស្ថិតនៅស្រុកកំពង់រោទិ៍ ​ខេត្តស្វាយរៀង សម្រេចបាន ២០% ហើយ។ នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមផ្លូវការ​របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា ការងារសំខាន់របស់គម្រោងរួមមាន៖ ១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧ម៉ែត្រ ២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០ម៉ែត្រ ៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦ម៉ែត្រ ៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ៥)ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ៦)ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧)សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។

ជាងនេះទៅទៀត ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយជាផ្លូវចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹកជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ត្រូវអនុវត្តរយៈពេល ១២ខែ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥ មានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦.២០០ ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧ គ្រួសារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]