គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា

ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។

គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។

កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម  ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។

គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម)

ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម)

លើសពីនេះ កម្ពុជាក៏កំពុងស្នើក្រុមហ៊ុនចិន China Metro Group Limited សិក្សាពីគម្រោងផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ២ គម្រោង ផងដែរ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

គម្រោងទី ១ គឺវិនិយោគផ្លូវល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ។

គម្រោងទី ២ គឺគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។(អានបន្ថែម)

ក្រៅពីជំនួយ និងការសិក្សាពីចិន កម្ពុជាក៏កំពុងជំរុញឱ្យបារាំងវិនិយោគសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ – ហូជីមិញ ផងដែរ ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូន ប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯកជនតាមរយៈគម្រោង B.O.T។ (អានប​ន្ថែម)

លើសពីនេះ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនខ្សែទី ២ នៅកម្ពុជា នឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្នក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ កំពុងពន្លឿនសិក្សាផលប៉ះពាល់។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រមាណជា១៣៥គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨ លានដុល្លារ។ (អានបន្ថែម)

ជាមួយគ្នានេះ ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៤ បាននិងកំពុងសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាបមួយទៀតផងដែរ។ (អានបន្ថែម)

ទាំងនេះគ្រាន់តែជាគម្រោងខ្នាតធំប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងកម្ពុជានៅមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវជាតិជាច្រើនខ្សែ ស្ពានឆ្លងទន្លេមេគង្គនៅភ្នំពេញដែលត្រៀមនឹងសាងសង់ក្រោមជំនួយកូរ៉េ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងគម្រោងជាច្រើនទៀត ទូទាំងប្រទេស ដែលបូកជាទឹកប្រាក់សរុបយ៉ាងហោច ៣០ប៊ីលានដុល្លារ ពោលគឺធំជាងទំហំGDP ប្រចាំឆ្នាំ របស់កម្ពុជាទៅទៀត ដែលមានត្រឹមតែ ២៧ប៊ីលានដុល្លារ។

បើយោងតាមការវិភាគរបស់សារពត៌មានអន្តរជាតិ ដូចជា The Diplomat  ការសម្រុកធ្វើហេដ្ឋារចនាសម្ព័ន្ធនេះ ជាគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសតាមរយៈការវិនិយោគក្នុងទ្រង់ទ្រាយ BOT ឬ សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ។

ការធ្វើបែបនេះ ចាត់ទុកថាជាយុទ្ធសាស្ដ្រវៃឆ្លាតរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយចំណាយផ្ទាល់របស់រដ្ឋ ខណៈក៏កាត់បន្ថយកម្ចីពីបរទេស។ ការងារសំខាន់បំផុតដែលរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើ គឺការបង្កើនទំនុកចិត្ត និងបរិយាកាសវិនិយោគដែលអំណោយផលជាងមុនដល់វិនិយោគិន ពិសេសសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ភាពជោគជ័យនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ក៏នឹងក្លាយជាឧទាហរណ៍ និងគំរូដ៏សំខាន់មួយ ដើម្បីទាក់ទាញការវិនិយោគបែប BOT បន្ថែមទៀត។

លើសពីនេះ អ្នកវិភាគដដែលក៏បាន លើកឡើងថា ការដែលកម្ពុជាសម្រុកសង់ហេដ្ឋារចនាសម្ព័ន្ធ ខណៈពិភពលោកកំពុងជួបវិបត្តិ គឺជាការសំងំត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនក្រោយស្ថានភាពវិបត្តិពិភពលោកស្ងប់ស្ងាត់ ខណៈសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏យកឱកាសនេះ បង្ហាញពីសក្ដានុពលរបស់ខ្លួនដល់ប្រជាជន ស្របពេលកម្ពុជានឹងមានការបោះឆ្នោតថ្នាក់ជាតិឆាប់ៗនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]