ដីឡួត៍មិនទាន់មានច្បាប់គ្រប់គ្រង ខណៈក្រសួងឲ្យប្រយ័ត្នចំពោះក្រុមហ៊ុនលើកផ្លាកលក់
ភ្នំពេញ៖ ចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន អគារខុនដូន និងគម្រោងផ្សេងៗទៀតកើនឡើងជាហូរហែនៅតាមជាយរាជធានីភ្នំពេញ ដែលធ្វើឲ្យវិស័យដីធ្លីត្រូវបានគេចាត់ទុកថាជាការវិនិយោគដែលអាចផ្តល់ផលចំណេញច្រើន ជាពិសេសការពុះដីឡូត៍។
តែយ៉ាងណា អាជីវកម្មពុះដីឡូត៍មិនទាន់មានច្បាប់គ្រងគ្រប់ច្បាស់លាសស់នៅឡើយនោះទេ ខណៈដែលក្រសួងដែនដីបានប្រកាសឲ្យអ្នកទិញដីឡូត៍មានការប្រុងប្រយ័ត្នខ្ពស់មុនសម្រេចចិត្តវិនិយោគ ព្រោះមានជនឆ្លៀតឱកាសបោកប្រាស់កន្លងមក។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានប្រសាសន៍ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅដ្ឋានខុនដូតម្លៃទាប របស់ក្រុមហ៊ុនជប៉ុន Arakawa ថា មានក្រុមហ៊ុនពុះលក់ដីឡូត៍មួយ ដែលមានឈ្មោះជាង២០ឆ្នាំហើយ បានបោកប្រាស់លុយប្រជាជន ដោយយកដីគេមកដាក់លក់ ហើយចាយ ៤០០ដុល្លារ សម្រាប់លើកផ្លាកប៉ាន់ណូបំភាន់ភ្នែក។
“ក្រុមហ៊ុនណាក៏ដោយ ឲ្យតែមានគម្រោងសាងសង់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ជួនកាលគាត់គ្រាន់តែលើកប៉ានណូមួយអស់តែ៤០០ ដុល្លារ ពុះបែងចែកដីឡូតិ៍ ដាក់យកប្រាក់កក់ ហើយរត់ទៅបាត់” នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាសុផារ៉ា។
ម្យ៉ាងវិញទៀត សកម្មភាពកក្រើកនៃការធ្វើអាជីវកម្មពុះដីឡូត៍នេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់មើលឃើញថា ការពុះដីឡូត៍មួយចំនួនមិនបានឆ្លងកាត់នីតិវិធីត្រឹមត្រូវនៅឡើយទេ ដែលវាបង្កើតឲ្យមានហានិភ័យខ្ពស់ដល់អ្នកទិញ។
លោកបណ្ឌិត សុក ស៊ីផាន់ណា នាយកការិយាល័យមេធាវី SokSiphana&associates និងជាសមាជិក ZICO Law ធ្លាប់បានលើកឡើងថា ការពុះដីឡូត៍លក់មួយចំនួនធ្វើឡើងដោយមិនមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ដែលអាចប៉ះពាល់ដល់គម្រោងអភិវឌ្ឍទីក្រុង ឬប្លង់គោលប្រើប្រាស់ដីធ្លី ព្រោះការទិញលក់រវាងគូភាគីមិនបានឆ្លងកាត់អាជ្ញាធរមានសមត្ថកិច្ចលើគម្រោងអភិវឌ្ឍទីក្រុង ឬប្លង់គោលប្រើប្រាស់ដីធ្លីនោះទេ។
អ្នកជំនាញច្បាប់លើវិស័យអចលនទ្រព្យរូបនេះ បានគូសបញ្ជាក់ថា ដើម្បីគ្រប់គ្រងអាជីវកម្មពុះដីឡូត៍ដែលកំពុងរីកចម្រើនពិសេសក្នុងរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធិភាពខ្ពស់ កម្ពុជាគួរតែបង្កើតបទបញ្ញាតិ្តជាក់លាក់បន្ថែមពាក់ព័ន្ធនឹងការពុះដីឡូត៍នេះ។

- Video Advertisement -