ឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ
ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង
ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។
ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប
លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។ ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។
ទីផ្សារលំនៅឋានរបស់ឌូបៃឡើងកម្ដៅ
ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា ទំនោរនេះនឹងនៅតែបន្ត ទោះបីជាតិចតួចក៏ដោយ ។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤តម្លៃផ្ទះ មានកំណើន ៧%។ ទីផ្សារផ្ទះប្រណីតរបស់ទីក្រុងឌូបៃ ក៏កំពុងជួបប្រទះនឹងការរីកដុះដាលខ្លាំងផងដែរ ដោយទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិខ្ទង់លាន។
លោក Faisal Durrani ប្រធានផ្នែកស្រាវជ្រាវសម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងរបស់ក្រុមហ៊ុន Knight Frank បញ្ជាក់ថា ទីក្រុងឌូបៃ វ៉ាដាច់ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ក្នុងការលក់ផ្ទះប្រណីតក្នុងកំឡុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដែលជិតឈានដល់ចំនួនសរុបបំបែកកំណត់ត្រាធៀបនឹងឆ្នាំ ២០២៣។ ប្រវត្តិលក់ក្នុងតម្លៃខ្ពស់បំផុតជាច្រើនទៅឱ្យអ្នកទិញចិន បញ្ជាក់បន្ថែមអំពីនិន្នាការនេះ រួមទាំងអចលនទ្រព្យនៅមាត់សមុទ្រនៅតំបន់ Palm Jumeirah ក្នុងតម្លៃ ២៤ លានដុល្លារអាមេរិក ក៏មានអ្នកទិញចិនហ៊ានទិញច្រើនដែរ។
គម្រោងទិដ្ឋាការមាស៖ ឱកាសចាប់រង្វាន់ធំ
គោលនយោបាយមិត្តភាពវិនិយោគិនរបស់ទីក្រុងឌូបៃ គឺជាកត្តាចម្បងមួយក្នុងការកើនឡើងប្រជាប្រិយភាពរបស់ខ្លួន។ កម្មវិធីលំនៅឋានដោយការវិនិយោគរបស់ទីក្រុង ដែលផ្តល់ទិដ្ឋាការរយៈពេលវែងសម្រាប់ការទិញអចលនទ្រព្យលើសពី ២ លានឌីរហាំ (៥៤៤០០០ដុល្លារអាមេរិក) កំពុងបង្ហាញភាពទាក់ទាញយ៉ាងខ្លាំង។ ថែមពីលើនេះ រដ្ឋាភិបាលទីក្រុងឌូបៃ បានចេញនូវកម្មវិធី “ទិដ្ឋាការមាស” ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៥៨០០០ ក្នុងឆ្នាំ ២០២៣ ខណៈព័រទុយហ្គាល់ ចេញបានតែចំនួន ១៣០០០ ប៉ុណ្ណោះ ចាប់តាំងពីកម្មវិធីរបស់ខ្លួនបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២មក។ ភាពងាយស្រួលនៃការទិញកន្លែងស្នាក់នៅនេះ គឺជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកវិនិយោគចិនដែលស្វែងរកទីតាំងលំដាប់សកល។
ចក្ខុវិស័យរបស់ឌូបៃសម្រាប់អនាគត
ដំណើរឈានទៅរកឧត្តមភាពរបស់ទីក្រុងឌូបៃ គឺទៅហួសពីនិន្នាការទីផ្សារទិញលក់ភ្លាមៗដូចដែលប្រទេសទូទៅអនុវត្ត។ ជាពិសេសជាងគេនោះ គឺការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង និងឥទ្ធិពលអន្តរជាតិ គឺជាកត្តាជំរុញដ៏សំខាន់ផ្សេងៗ ទើបធ្វើឱ្យឌូបៃសម្រេចបានទំនើបកម្មនិងភាពរុងរឿងយ៉ាងដូច្នេះ។ ក្រៅពីនោះ គម្រោងដែលមានមហិច្ឆតាធំៗ រួមមានគំនិតផ្តួចផ្តើមតម្លៃរាប់ពាន់លានដុល្លារដើម្បីបង្កើតទីក្រុងឌូបៃជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេទីបួនរបស់ពិភពលោក ដែលបច្ចុប្បន្ន ហុងកុងគឺជាមជ្ឈមណ្ឌលធំជាងគេទី១។
ទីក្រុងឌូបៃក៏កំពុងវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ ដោយស្ថានីយអ្នកដំណើរថ្មីមួយគ្រោងនឹងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ក្លាយជាអាកាសយានដ្ឋានធំជាងគេលើពិភពលោក។ លើសពីនេះទៀត គឺគម្រោងបញ្ចប់បណ្តាញផ្លូវដែក Etihad ភ្ជាប់ទីក្រុងឌូបៃទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងប្រជាជនសំខាន់ៗនៅក្នុងអារ៉ាប៊ីសាអូឌីតទាំងមូល។
សម្រាប់អ្នកមានលុយចង់វិនិយោគនៅឌូបៃ
ខណៈពេលដែលទីក្រុងឌូបៃផ្តល់នូវគុណសម្បត្តិដែលមិនអាចប្រកែកបាន អ្នកដែលមានលុយច្រើនចង់វិនិយោគ ក៏គួរតែពិចារណាពីហានិភ័យដែលអាចកើតមានផងដែរ។ ក្នុងនោះ ឱនភាពរូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាមេរិក និងលទ្ធភាពនៃជម្លោះក្នុងតំបន់ គឺជាកត្តាដែលត្រូវថ្លឹងថ្លែងជាចម្បង។ ទីផ្សារអចលនទ្រព្យប្រកបដោយថាមភាព របស់ទីក្រុងឌូបៃ គោលនយោបាយដែលងាយស្រួលសម្រាប់វិនិយោគិន និងផែនការអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតា បានប្រែក្លាយទីក្រុងនៃរដ្ឋឥស្លាមដ៏ល្បីល្បាញនេះ ជាចំណីអារម្មណ៍វិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកមានលំដាប់ៗរបស់ចិន។ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមហិច្ឆតាចង់ក្លាយជាអនុត្តរភាពនៃសកលលោក ទីក្រុងឌូបៃ កំពុងត្រៀមខ្លួនសម្រាប់កំណើនប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យវាក្លាយជាទីផ្សារអចលនទ្រព្យដ៏ធំមួយ ដែលមានគ្រប់គ្នាមិនថាអ្នកមានប៉ុណ្ណា ឬអ្នកក្រប៉ុណ្ណា តែងលួចសំឡឹងមើលភាពរុងរឿងនៃទីក្រុងឌូបៃ មិនដែលរំលងភ្នែក៕
- Video Advertisement -