តុលាកំពូលហុងកុងសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យខា្នតយក្សរបស់ចិនទាំងសុ្រងហើយ ព្រោះតែ….
កាលពីថ្ងៃទី២៩ ខែមករា តុលាការកំពូលក្រុងហុងកុងបានសម្រេចចេញដីកាបញ្ជាឱ្យរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ China Evergrande ដែលកំពុងជាប់រឿងអាស្រូវក្ស័យធនអស់រយៈកាលជាងមួយឆ្នាំមកហើយនោះ បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ២៩ ខែមករា ២០២៤។
ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានភាពឆ្អែតឆ្អន់ជាមួយនឹងក្រុមហ៊ុនដែលជាប់បំណុលច្រើនបំផុតលើលោក បើទោះបីជាតុលាការបានទុកពេលឱ្យក្រុមហ៊ុន ដោះស្រាយជាមួយម្ចាស់បំណុល អស់រយៈពេលលើសពី ១៨ខែរួចមកហើយក្តី ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបាន និងមិនមានផែនការស្តារហិរញ្ញវត្ថុឡើងវិញបាន ដូច្នេះតុលាការមិនអាចបន្តពន្យារពេលតទៅទៀតបាន។
សូមបញ្ជាក់ថា មុននឹងចេញដីកាសម្រេចចុងក្រោយនេះ តុលាការកំពូលហុងកុង ធ្លាប់បានពន្យារពេលដល់ទៅ ៧លើក រួចមកហើយ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរឿងក្តីនៅតុលាការលើកដំបូង កាលពីខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ អាចដាក់ពាក្យបណ្តឹងសារទុក្ខចំពោះដីកាសម្រេចនេះបាន។
គួររំលឹកថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុលក្រុហ៊ុន ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនផងដែរ។
គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល ២៤០ពាន់លានដុល្លារ ដូច្នេះបើសិនជាលក់ក្រុមហ៊ុនទាំងមូល ក៏មិនមានលទ្ធភាពសងបំណុលនេះរួចដែរ។ ហេតុដូច្នេះហើយ ទើបតុលាការសម្រេចឲ្យមានការរំលាយក្រុមហ៊ុន លក់ចេញជាបន្ទាន់ដើម្បីទូទាត់សាច់ប្រាក់ដល់ម្ចាស់បំណុលនានាតែម្ដង។
សម្រាប់វិស័យអចលនទ្រព្យចិន និងពិភពលោកទាំងមូល ដីកាសម្រេចឲ្យរំលាយក្រុមហ៊ុន China Evergrande នេះ ហាក់ដូចជាសញ្ញាមិនល្អសោះឡើយ ដោយហេតុថា នៅក្រោម China Evergrande មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទាំងនៅក្នុងតំបន់និងនៅបណ្តាប្រទេសផ្សេងទៀត ព្រមទាំងគម្រោងអចលនទ្រព្យដែលជាប់គាំងនានា ដោយមិនគិតពីផលប៉ះពាល់នៃការដួលរលំក្រុមហ៊ុនយក្សដ៏ធំនេះទៅលើវិស័យហិរញ្ញវត្ថុទៀតផង។ គួររំលឹកថា មុនចេញដីកាសម្រេចរំលាយក្រុមហ៊ុន China Evergrande នេះ តុលាការហុងកុងក៏ធ្លាប់បានចេញដីកាសម្រេចឱ្យរំលាយក្រុមហ៊ុនអចលនទ្រព្យយ៉ាងហោចណាស់ចំនួន៣ ផ្សេងទៀត ក្រោមហេតុផលគ្មានលទ្ធភាពសងបំណុលដូចគ្នា៕
- Video Advertisement -